ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងលោក You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន បញ្ហាប្រឈម និងឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពហុភាគីពាក់ព័ន្ធដទៃទៀត។
លោក You Xiaowen បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆ្លងដែននេះ មានលក្ខណៈស្មុគ្រស្មាញ ហើយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងប្រទេសពាក់ព័ន្ធនិយាយជារួម និងដោយឡែកកិច្ចសហការរវាងប្រទេសជាសមាជិកក្នុងមហាអនុតំបន់ទន្លេមេគង្គ ក៏មានសារៈសំខាន់ក្នុងការទប់ស្កាត់ និងគ្រប់គ្រងរំហូរជនបរទេសពាក់ព័ន្ធដែលផ្លាស់ទី ពីប្រទេសមួយ ទៅប្រទេសមួយក្នុងតំបន់។
ជាមួយគ្នានេះ លោកអគ្គលេខាធិការបានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ LMLECC ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន ការចែករំលែកព័ត៌មាន ការស្រាវជ្រាវ និងបង្ក្រាបបណ្តាញឧក្រិដ្ឋជននិងប្រព័ន្ធហិរញ្ញវត្ថុ និងការកសាងសមត្ថភាពមន្ត្រីជំនាញ ជាពិសេសការផ្តល់ការគាំទ្រលើជំនាញទាញយក និងវិភាគ ភស្តុតាង និង DNA។ ជាការឆ្លើយតប លោក ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីឆន្ទៈនយោបាយ យ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតឱ្យដល់ឬសគល់នូវបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
ក្នុងន័យនេះ លោក ក៏បានលើកឡើងពី វិធានការ យន្តការ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ ជាពិសេស យន្តការ គ.ប.ឆ.ប និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសារៈសំខាន់ក្នុងការធានាប្រសិទ្ធភាព ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជន ទាំងមេក្លោង អ្នកសមគំនិត និងអ្នកពាក់ព័ន្ធនានា ក៏ដូចជាបង្ការមិនឱ្យឧក្រិដ្ឋកម្មនេះកកើតឡើងវិញនៅកម្ពុជា។
ទន្ទឹមនោះ លោកបានលើកឡើងពីទស្សនវិស័យ និងជំហានបន្ទាប់ក្នុងការងារបោសសម្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប និងចាត់វិធានការចំពោះបណ្តាញក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធដទៃទៀត ឱ្យមានប្រសិទ្ធភាព។ លោក បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា មានគម្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពេលខាងមុខ ហើយសង្ឃឹមថា LMLECC នឹងចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍សំខាន់នេះ។
ដោយឡែក ពាក់ព័ន្ធនឹងការរៀបចំសន្និសីទអន្តរជាតិ លោកអគ្គលេខាធិការបានបញ្ជាក់ថា LMLECC រីករាយ និងត្រៀមខ្លួន ក្នុងការផ្តល់ការគាំទ្រ និងចូលរួមក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងនោះ LMLECC នឹងប្រើប្រាស់បណ្តាញ និងសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ៕