វត្តមានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ក្នុងពិធីប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និងប្រាក់ចំណូល» គឺដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព បំណិន ឥរិយាបថល្អ និងប្រសិទ្ធភាពឱ្យ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។
ការប្រារព្ធពិធីទិវា TVET Day លើកទី៩នាថ្ងៃនេះ គឺមានការរៀបចំប្រារព្ធនៅតាមគ្រឹះស្ថាន ធីវេតតាមបណ្តាខេត្តទូទាំងប្រទេស ដោយមានការតាំងពិព័រណ៍ស្នាដៃខ្សែច្រវាក់ផលិតកម្ម និង ផលិតផល សរុបចំនួន ៤៣២អង្គភាព ដែលស្មើនឹង ៥៨៥ស្តង់ ហើយសម្រាប់ការប្រារព្ធនៅ រាជធានីភ្នំពេញនាព្រឹកនេះ គឺមានការតាំងបង្ហាញ ចំនួន ១០៨អង្គភាព ដែលស្មើនឹង ២៦១ស្តង់ ទៅលើអនុវិស័យ ចំនួន ១២។
ទន្ទឹមនេះ ក៏មានការតាំងបង្ហាញរបស់គ្រឹះស្ថានធីវេតល្បីៗមកពី ប្រទេសចិន ចំនួន ១០គ្រឹះស្ថាន មកពីខេត្តក្រុងធំៗចំនួន ៦ គឺទីក្រុងប៉េកាំង, ខេត្តក្វាងស៊ី, ខេត្តចេជាំង, ខេត្តក្វាងទុង, ខេត្តសានទុង និងខេត្តហ៊ូប៉ី ដែលសុទ្ធតែជាដៃគូសហការសំខាន់ៗ របស់ក្រសួងក្នុងការពង្រឹង និងពង្រីកវិស័យធីវេត។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានរាជរដ្ឋាភិបាល កំណត់យកជា ទិវាជាតិនៅឆ្នាំ២០១៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណា ព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (ធីវេត) មានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបថការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និង ចូលរួមកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារ។
បន្ថែមលើនេះ ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យកម្លាំងពលកម្ម និងមូលធនមនុស្សរបស់យើងមានភាពធន់នឹង បម្រែបម្រួលនៃស្ថានភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច, ទីផ្សារការងារ, ការវិវត្តនៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាថ្មីៗ ព្រមទាំងជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស កាត់បន្ថយ ភាពគ្មានការងារធ្វើ, ក៏ដូចជាជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយ ក្នុង ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
លើសពីនេះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាព បត់បែនស្រប តាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវ ដែលអាចឱ្យសិស្ស បន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែក ក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់ក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។
ការប្រារព្ធទិវាជាតិលើកទី៩ នាថ្ងៃនេះ នឹងជួយជំរុញបន្ថែមឱ្យ “កម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង ប្រទេស” សម្រាប់គោលដៅ ចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ ឧបត្ថម្ភប្រចាំខែ ដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាល ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យទទួលបានការចុះឈ្មោះចូលរៀនពីសំណាក់ យុវជន សិស្ស និស្សិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ដើម្បីទទួលបានជំនាញមួយពិត ប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាពប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃ ភាពក្រីក្រ។
ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីធានាបានថាសិស្សមានការងារធ្វើ, ក្រសួង បានរៀបចំយន្តការផ្តល់នូវសេវាគាំទ្រ ក្នុងការស្វែងរកការងារដល់សិស្ស ដែលបានបញ្ចប់វគ្គតាមរយៈ ទីភ្នាក់ងារជាតិមុខរបរនិងការងារ និងបានទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីពង្រីកលទ្ធភាព ក្នុងការផ្តល់ឱកាសការងារដល់សិស្សបន្ទាប់ពីរៀនចប់៕