ការសម្រេចបានដ៏សំខាន់នេះ គឺបានមកពីការខិតខំនិងទំនាក់ទំនងរយះពេលជាច្រើនឆ្នាំ រវាងក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC ជាមួយស្ថាប័នផ្សេងៗរបស់សហរដ្ឋអាមេរិក រួមមានស្ថានទូតសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងបណ្តាក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀតដូចជា General Electric, OTIS, Caterpillar, Ford និង Apple ។
តាមរយៈគណៈប្រតិភូធុរកិច្ច ការចូលរួមសន្និបាត និងការសន្ទនាផ្សេងៗ យើងទាំងអស់គ្នាបាននិងកំពុងធ្វើការរួមគ្នាដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) ក្នុងនាមជាដៃគូក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។
នេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការរីកចម្រើននិងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក”។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន DFC បានបញ្ជាក់ថា "ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
ការសម្រេចបាននេះ បានគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាពក្នុងការផ្តល់ទុនហិរញ្ញាវត្ថុ ជំនាញពិសោធន៍ និងការច្នៃប្រឌិត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនេះរបស់ព្រះរាជាណាចក្រកម្ពុជា"៕