អគារសិក្សាកម្ពស់ ៣ជាន់ និងសមិទ្ធផលនានា ដែលត្រូវបានសម្ពោធជាផ្លូវការនាឱកាសនេះ បានប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការ បណ្តុះបណ្តាលកម្រិតឧត្តមសិក្សា និងលើកកម្ពស់ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡាឱ្យកាន់តែល្អប្រសើរ ប្រកបដោយសមត្ថភាពទាំងបំណិនសម្បទា វិជ្ជាសម្បទា និងចរិយាសម្បទា។ ក្នុងស្មារតីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាបន្តផ្តល់អាទិភាពដល់អនុវិស័យអប់រំកាយ និងកីឡា ដោយផ្សារភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
ក្រសួងបានបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងសុខុមាលភាពរាងកាយ លើកកម្ពស់ការប្រកួតកីឡា និងលើកកម្ពស់សកម្មភាពហាត់ប្រាណទៀងទាត់ ដើម្បីសុខភាព និងសាមគ្គីភាព ស្របតាមពាក្យស្លោក “កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព” និងចលនា “យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។
តាមរយៈកម្មវិធីអប់រំកាយ និងកីឡា ទាំងក្នុងម៉ោង និងក្រៅម៉ោងសិក្សា សិស្សបានអភិវឌ្ឍបំណិនជីវិតសំខាន់ៗដូចជា ការធ្វើការងារជាក្រុម ការបង្កើនភាពធន់ និងវិន័យ។ ក្រសួងបានបន្តពង្រឹងគុណភាពកីឡាករជម្រើសជាតិ ដើម្បីចូលរួមការប្រកួតប្រជែងគ្រប់កម្រិត តាមរយៈ៖ ១).ការបន្តការជួសជុលកែលម្អហេដ្ឋរចនាសម្ព័ន្ធកីឡា ២).ការបន្តការអភិវឌ្ឍធនធានមនុស្ស ការកសាងក្រុមកីឡាករថ្នាលឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ នៅឆ្នាំ ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ នៅកម្ពុជា ៣).កំណែទម្រង់ការប្រកួតគ្រប់ប្រភេទ ៤).ការវិភាជថវិកាគាំទ្រដល់ដំណើរការសហព័ន្ធកីឡាជាតិ ៥).ការលើកកម្ពស់អប់រំកាយ និងកីឡានៅតាមសាលារៀន និង៦).ការធ្វើបរិវត្តកម្មកីឡាឌីជីថល។ សូមបញ្ជាក់ថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើមឡើយមានឈ្មោះថា “សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា” ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨ ចំណុះក្រសួងឃោសនាការ និងវប្បធម៌ និងមានទីតាំងនៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។ នៅឆ្នាំ១៩៩២ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា បានប្តូរទីតាំងមកនៅសាលានយោបាយវប្បធម៌និងមុខជំនាញ (អតីតសាលាបឋមសិក្សាតេជោដំឌិន)។ ការផ្លាស់ប្តូរទីតាំងនៅពេលនោះគឺប្តូរតែកន្លែងធ្វើការងាររដ្ឋបាល និងថ្នាក់រៀនតែប៉ុណ្ណោះ ដោយរក្សាទីលាន ហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។
នៅឆ្នាំ១៩៩៣ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា ត្រូវបានប្តូរមកស្ថិតក្រោមក្រសួងកិច្ចការនារី យុវជន និងកីឡា និងបន្ទាប់មកបានប្តូរមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា រហូតដល់បច្ចុប្បន្ន។ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បង្កើតឡើងនៅឆ្នាំ១៩៩៨ ចំណុះឱ្យអគ្គនាយកដ្ឋានយុវជន និងកីឡា នៃក្រសួងអប់រំ យុជន និងកីឡា និងមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិ។និងនៅឆ្នាំ២០០៣ បានផ្លាស់ប្តូរមកភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងនាពេលបច្ចុប្បន្ននេះ។ ចាប់តាំងពីឆ្នាំ ២០០៦ មកទល់បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើកិច្ចសហប្រតិបត្តិការជាមួយ "អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស" ដែលជាអង្គការរបស់ប្រទេសជប៉ុន ដោយផ្តោតលើការរៀបចំសៀវភៅសិក្សាគោលសម្រាប់បម្រើឱ្យការរៀន និងបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡា រួមមាន៖ សៀវភៅកម្មវិធីសិក្សាលម្អិតពីបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ, សៀវភៅសិក្សាគោលសម្រាប់គ្រូបង្រៀនពីកម្រិតបឋមសិក្សាដល់ មធ្យមសិក្សាទុតិយភូមិ, និងឧបករណ៍វាយតម្លៃថ្នាក់អប់រំកាយពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ។
នៅឆ្នាំ ២០១៥ ក្រសួងបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីអប់រំកាយ ក្នុងម៉ោងសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ នៅឆ្នាំ ២០១៩ ស្ថិតក្រោមគម្រោងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្រសួងបានបន្តអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សម្រាប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ (១២+៤) ដោយផ្តោតលើការអភិវឌ្ឍកម្មវិធីសិក្សា, កម្មវិធីសិក្សាលម្អិត, សៀវភៅសិក្សាគោល, ការរៀបចំប្រព័ន្ធក្រេឌីត, ការអភិវឌ្ឍគុណវុឌ្ឍិគ្រូ, ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងការសិក្សារបស់គរុសិស្ស គរុនិស្សិត ការបង្រៀន ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ ប្រព័ន្ធធ្វើតេស្តកាយសម្បទាសិស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា៕