ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា បើកម្ពុជាមិនធ្វើកំណែទម្រង់លើហិរញ្ញវត្ថុសាធារណៈទេ ការប្រមូលពន្ធទាំងពន្ធដារ និងពន្ធគយពិតជានឹងមិនមានកំណើនដូចសព្វថ្ងៃនេះទេ ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា “ប្រសិនបើយើងមិនធ្វើកំណែទម្រង់ទេ ប្រហែលជាប្រាក់ពន្ធរបស់យើងគឺនៅដដែល ។ ពេលមុនបើគ្រាន់តែនិយាយពីផ្នែកគយមួយ គ្រាន់តែឃើញក្នុងមួយខែបានត្រឹមតែ២០លាន ឬ៣០លានគឺអរចង់ហោះ ប៉ុន្តែឥឡូវនេះ ត្រឹមតែ២៤០ឬ២៣០អីវាតិច វាទាបទាល់តែ២៥០លានឡើងលើអាហ្នឹងបានខ្ពស់”។
សម្តេចតេជោមានប្រសាសន៍បន្តថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ ចំណូលពន្ធដារប្រមូលបានក្នុងរង្វង់ប្រមាណជា៥៣% បើគិតជាទឹកប្រាក់ប្រមាណជា២០០០ពាន់លានដុល្លារ ដោយបូកជាមួយពន្ធគយទៀតបានកើនឡើងដល់៣៥០០លានដុល្លារឯណោះ ។
ពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជានេះដែរ សម្តេចតេជោក៏មានប្រសាសន៍ទៅកាន់ក្រុមប្រឆាំងដែលចាំតែដេករិះគន់លើការដឹកនាំរបស់កម្ពុជាថា គ្រាន់តែកម្ពុជាសម្រេចបោះពុម្ពប្រកាសប្រាក់ថ្មីបន្ថែមទៀតសុទ្ធតែថា កម្ពុជាពុំមានថវិកាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការ ។ ចំណុចនេះ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ថា កម្ពុជាមានថវិកាគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការដោយមិនខ្វះនោះទេ ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យកត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ៕