|
ទឹកកខ្វក់ ជាង៣០លានម៉ែត្រគូប ត្រូវទប់ស្កាត់មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
ថ្ងៃទី ៖ 01-06-2026, ដោយ Dara007 , 51 Views
ភ្នំពេញៈ គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង៣០លាន៨២ម៉ឺនម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។
នេះតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា។ ដោយឡែក បើគិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង១០ម៉ឺន ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។
ក្រសួងបរិស្ថាន បានពង្រឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ដោយតម្រូវឱ្យរោងចក្រ និងសហគ្រាសទាំងអស់ ដែលមានសក្តានុពលប្រភពបំពុល និងបញ្ចេញសំណល់រាវ ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិ តាមដានគុណភាពទឹក ព្រមទាំងចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកជាប្រចាំនៅទូទាំងប្រទេស។
រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ដែលមានហានិភ័យខ្ពស់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹក និងបញ្ជូនទិន្នន័យផ្ទាល់ មកក្រសួងបរិស្ថាន គិតមកដល់ពេលនេះ មានចំនួន៥៩ទីតាំង និងមានរោងចក្រ សហគ្រាស ជាង១០ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យា បំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យទឹកកខ្វក់ ជាបន្តបន្ទាប់៕
|