លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់នេះ កើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានករណីប្រជាពលរដ្ឋបាត់បង់ជីវិតដោយសារគ្រោះថ្នាក់កាប់ឈើអុសដុតប៉ះគ្រាប់បែកចង្កោមផ្ទុះស្លាប់នៅហ្នឹងកន្លែង ។ លោកគូសបញ្ជាក់ថា គ្រាប់បែកចង្កោមនេះ ជាប្រភេទគ្រាប់បែកចង្កោមM46 ជាសំណល់គ្រាប់បែកចង្កោមពីសង្គ្រាមថៃឈ្លានពាន។
លោកបញ្ជាក់ថា តំបន់ភូមិនេះ រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមទាំងសង្គ្រាមទាំង២លើកក្នុងឆ្នាំ២០២៥ ។
ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ កងកម្លាំងជំនាញអង្គភាពCMACបានបោសសម្អាត ដើម្បីធានាសុវត្ថិភាព នៅតំបន់តាមលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិនេះទាំងស្រុង និងបានហ៊ុព័ទ្ធដាក់ស្លាកសញ្ញាតំបន់ព្រៃខាងក្រោយភូមិនិងតំបន់កសិកម្មមួយចំនួនជាអាទិភាពបន្ត។
ជាមួយគ្នានេះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រជាពលរដ្ឋជនស៊ីវិលស្លូតត្រង់ស្លាប់ ដោយសារគ្រាប់បែកចង្កោមសៀមឈ្លានពានដែលជាទង្វើប្រឆាំងអនុសញ្ញាហាមប្រាម ការប្រើប្រាស់គ្រាប់បែកចង្កោមក្រុងអូស្តូ ៕