ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយក្នុងជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។
ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសលើបច្ចេកវិទ្យាយានយន្ត និង NEV ព្រមទាំងជំនាញពាក់ព័ន្ធផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនិងការផ្លាស់ប្តូរការបណ្ដុះបណ្ដាលធនធានមនុស្ស ការអភិវឌ្ឍកម្មវិធីសិក្សានិងស្តង់ដារួម ព្រមទាំងការអប់រំសហការរវាងគ្រឹះស្ថានអប់រំ និងសហគ្រាសក្នុងការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញខ្ពស់។
នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ឆិន ស៊ាងរ៉ូ និងគណៈប្រតិភូ ក៏ដូចជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិទ្យាស្ថាន GTVTC ដោយឯកឧត្តមគូសបញ្ជាក់ថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់និងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា ជាពិសេសផ្នែកកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
បន្ថែមពីនេះ ជំនួបនាថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យ TVET ដែលជាក់ស្តែងគឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
លោករដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្តនិងគំាទ្រយ៉ាងពេញទំហឹងចំពោះការពង្រីកកិច្ចសហប្រតិបត្តិការនេះ ព្រោះថាគំនិតផ្តួចផ្តើមនេះគឺពិតជាចំពេលនិងអាចឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេស NEV ឬរថយន្តដែលប្រើប្រាស់ថាមពលកកើតឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញ។ ការកើនឡើងនៃការប្រើប្រាស់ប្រភេទរថយន្តនេះនៅកម្ពុជា គឺពិតជាទាមទារឱ្យមានតម្រូវការនៃការបណ្តុះបណ្តាលជំនាញថែទាំ និងជួសជុលបន្ថែមទៀត ដោយលោកបានជំរុញឱ្យមានការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងឱ្យបានឆាប់ ជាពិសេសគឺការបណ្តុះបណ្តាលគ្រូជាច្រើនាក់ឱ្យឈានដល់កម្រិតអនុបណ្ឌិតលើផ្នែក NEV ។
ជាការឆ្លើយតប លោក ឆិន ស៊ាងរ៉ូ បានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះលោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងដែលបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ TVET ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំល្អៗដែលជាគ្រឹះដ៏រឹងមាំនៃភាពជាដៃគូនេះ ហើយសមិទ្ធផលនាថ្ងៃនេះ គឺជាអ្វីដែលវិទ្យាស្ថាន GTVTC បានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីផ្តល់ជូននូវការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញដែលឆ្លើយតបនឹងតម្រូវការរបស់កម្ពុជា ជាពិសេសផ្នែក NEV។
លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០២២មក វិទ្យាស្ថាន GTVTC បានបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន ៣៦រូប ហើយបច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងបន្តការសិក្សាមាន ២៦រូបលើជំនាញ បច្ចេកវិទ្យា NEV, បច្ចេកវិទ្យាវាស់វែង និងគូរផែនទីដោយដ្រូន (UAV Mapping Technology) ព្រមទាំងបច្ចេកវិទ្យាវិស្វកម្មសំណង់ឆ្លាតវៃជាដើម៕