|
លោក គួច ចំរើន បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ការពារតាមបណ្តាក្រុមហ៊ុន-កាស៊ីណូ ករណីបទល្មើស Online Scams ចំនួន ១១ទីតាំង ស្ថិតនៅក្រុងសំពៅពូ
ថ្ងៃទី ៖ 20-03-2026, ដោយ Dara007 , 42 Views
កណ្ដាលៈ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានណែនាំដល់អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការការពារតាមបណ្តាក្រុមហ៊ុន-កាស៊ីណូ ដែលបានបិទសៀលនេះពាក់ព័ន្ធនិងករណីបទល្មើស Scam Online ឱ្យបានល្អប្រសើរ ហាមមិនឱ្យអ្នកដែលគ្មានភារកិច្ចចូល និងថែរក្សាវត្ថុតាង សម្ភារៈនានាកុំឱ្យបាត់បង់ ដើម្បីទុកចាត់ចែងទៅតាមនីតិវិធីច្បាប់បន្តទៀត។
ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែល លោកអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន-កាស៊ីណូ ដែលបានបិទក្នុងករណីបទល្មើស Online Scams ចំនួន ១១ទីតាំង ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល ។
នាឱកាសចុះពិនិត្យនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗពីសំណាក់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យជៀសវាងមានការជាប់ពាក់ព័ន្ធ និងបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានមកកាន់សមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕
|