ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧នាក់ ក្នុងនោះរួមមាន ជនជាតិឥណ្ឌូណេស៊ី ចំនួន ៦នាក់ (ស្រី្ត ៤នាក់) និងជាតិខ្មែរចំនួន០១នាក់ ជាអ្នកបើកបរ និងយាមទីតាំង។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់មួយចំនួនធំ រួមមាន: ទូរសព្ទដៃ ៥៩គ្រឿង, កុំព្យូទ័រឡេបថប ៧គ្រឿង និងឧបករណ៍ថតសំឡេង ៨គ្រឿង , ឯកសណ្ឋាននគរបាលឥណ្ឌូណេស៊ី ចំនួន ៤អាវ ព្រមទាំងស័ក្តិ និងលោហ្គោមួយចំនួន, ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៥៩កញ្ចប់តូច និង ១កញ្ចប់ធំ។ តាមចម្លើយសារភាព ក្រុមជនសង្ស័យបានទទួលស្គាល់ថា ពួកខ្លួនពិតជាបានដំណើរការទីតាំងឆបោកតាមប្រព័ន្ធអនឡាញពិតប្រាកដមែន ដោយមានឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ ជនជាតិចិនដែលបច្ចុប្បន្នកំពុងគេចខ្លួន។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានអាជ្ញាធរបិទសៀល (Seal) ផ្ដាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៊ីនធឺណេតទាំងស្រុង។ ចំណែកជនសង្ស័យ និងម្ចាស់ទីតាំង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦ ។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕