ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់តំបន់អាស៊ានការវិវត្តន៍ដូចខាងលើនេះ គឺទាមទារឱ្យមានការពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ពិពិធកម្មថាមពល និងការពង្រឹងយន្តការសម្របសម្រួលសម្រាប់ការដោះស្រាយវិបត្តិ ហើយដើម្បីសម្រេចគោលដៅប្រែក្លាយជាសេដ្ឋកិច្ចលំដាប់ទី៤នៅលើពិភពលោកនៅឆ្នាំ២០៤៥ អាស៊ានកំពុងធ្វើដំណើរឆ្ពោះទៅមុខលើសពីសេណារីយ៉ូតាមទម្លាប់ធម្មតា។
សម្តេចធិបតីបញ្ជាក់ថា កម្ពុជាបានផ្តល់នូវអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រដ៏អស្ចារ្យសម្រាប់វិនិយោគិនដោយមានកំណើន៥.២%ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថានឹងបន្តសម្រេចបានកំណើនរឹងមាំជាមធ្យម ដោយផ្តល់កាលានុវត្តភាពសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ។ យើងបានយល់ច្បាស់ថា ដើម្បីឱ្យប្រតិបត្តការធុរកិច្ចមានប្រសិទ្ធភាព និងភាពធន់ ពិតប្រាកដណាស់គឺទាមទារឱ្យមានការធ្វើពិពិធកម្មជាមូលដ្ឋាននៃធុរកិច្ច ដែល កម្ពុជាបានបំពេញបន្ថែមនូវការសហការក្នុងតំបន់អាស៊ានដោយរលូនចាប់តាំងពីកម្ពុជាចូលជាសមាជិក អាស៊ានក្នុងឆ្នាំ១៩៩៩ កម្ពុជាបានធ្វើឱ្យមានភាពរលូនចំពោះប្រព័ន្ធធុរកិច្ច និងពន្ធគយ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវកម្មសិទ្ធិ១០០%ដល់វិនិយោគិន និងធ្វើឌីជីថលូបនីយកម្ម ព្រមទាំងនីតិវិធី ដោយយើងបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឧបសគ្គ និងការបង្កើនទៅកាន់ទីផ្សារឱ្យបានជាអតិបរិមា។ សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ថែមថា គោលនយោបាយជាតិរបស់កម្ពុជាគឺរៀបចំស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដែលជាផែនការរយៈពេល២៥ឆ្នាំឆ្ពោះទៅរកការសម្រេចចក្ខុវិស័យឆ្នាំ២០២៥ - ២០២៥ ដែលយើងមានសសរស្តម្ភចំនួន៥ ក្នុងនោះមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលបច្ចេកវិទ្យាគឺជាស្នូលនៃគោលនយោបាយជាតិរបស់យើង ដោយសារកំណើនមានតម្លៃខ្ពស់មិនអាចបំបែកចេញពីភាពចាស់ទុំនៃផ្នែកឌីជីថលបានឡើយ ដោយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តគម្រោងបដិវត្តន៍ជំនាញដ៏ធំមួយតាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាល ធីវ៉េត សម្រាប់យុវជន ១,៥លាននាក់ដែលបានសហការជាមួយក្រុមហ៊ុនឧស្សាហកម្មឈានមុខ ដែលធានាថាកម្លាំងពលកម្មរបស់យើងមិនត្រឹមតែ ត្រៀមខ្លួនក្នុងការបំពេញការងារប៉ុណ្ណោះទេ តែថែមទាំងជាអនុលោមទៅតាមតម្រូវការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលយើងត្រូវធ្វើឱ្យមានភាពស្របគ្នារវាងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង៕