មូលហេតុនៃការឲ្យប្រជាពលរដ្ឋនៅទីតាំងនេះ ទៅរកកន្លែងរស់នៅថ្មីជាបន្ទាន់ ត្រូវបានក្រសួងអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា ដោយសារ សំណង់នេះមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ ដោយមិនដឹងជាមុន ។ ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួងបានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ។
ក្នុងនោះ ស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរបានផ្ទាត់ចេញ និងមានស្នាមច្រែះធ្ងន់ធ្ងរ ដែលធ្វើឲ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើតមានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា “សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ”។
ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិតរបស់ប្រជាពលរដ្ឋកំពុង រស់នៅ ប្រើប្រាស់ និងអាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាខេមរបុត្រ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី អំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងរស់នៅនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ដើម្បីក្រុមការងារចាប់ផ្តើមអនុវត្តការងារតម្លើង “ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះ ថ្នាក់ចំពោះអគារអតីតសាលាខេមរបុត្រ”។
ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ បើមិនព្រមចាកចេញទេ ក្រសួងរៀបចំដែនដី និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការមិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ និងធ្វើការហ៊ុមព័ទ្ធ និងហាមឃាត់ការចូលទីតាំងអគារនេះ៕