ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការ Mayaguez Memorial VFW Post 11575 ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និងលោក Gary Kidd តំណាងអង្គការ Mayaguez Memorial VFW Post 11575 នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជាបានរស់នៅជាមួយនឹងផលវិបាកនៃសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ។
គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ របួស និងបានរារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ វាប៉ះពាល់ដល់គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដោយយល់ឃើញពីផលវិបាកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចក្ខុវិស័យដឹកនាំសកម្មភាពមីនជាអាទិភាពមួយរបស់កម្ពុជា។
គោលនយោបាយរបស់សម្តេច សង្កត់ធ្ងន់លើការមិនទុកឱ្យនរណាម្នាក់បន្តរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយអ្នកនៅរស់រានមានជីវិតជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ជំនួយសង្រ្គោះ ក្នុងនោះរួមមានការផ្តល់ការថែទាំ ការគាំទ្រ និងការផ្តល់ឱកាសជាច្រើន ជាពិសេសបន្តកសាងប្រទេសកម្ពុជាមួយដែលមានសុវត្ថិភាព។
លោកបានគូសបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជាសម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោកបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ Mayaguez Memorial VFW Post 11575 ចំពោះការលះបង់ ទឹកចិត្តសប្បុរស និងការប្តេជ្ញាចិត្តឈរជាមួយជនរងគ្រោះកម្ពុជា។
លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ Mayaguez Memorial VFW Post 11575 ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជាដៃគូ ដើម្បីបង្កើនការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន៕