ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ការកើនឡើងនៃសកម្មភាពយោធាថ្មីៗនៅតំបន់មជ្ឈិមបូព៌ាបានបណ្តាលឱ្យមានការបិទដែនអាកាសជាបណ្តោះអាសន្ន , ការរំខានប្រតិបត្តិការនៅអាកាសយានដ្ឋានមជ្ឈមណ្ឌលសំខាន់ៗក្នុងតំបន់ឈូងសមុទ្រ (Gulf) , ការប្តូរផ្លូវហោះហើរនៅលើច្រកអាកាសចរណ៍រវាងអឺរ៉ុប-អាស៊ី និងការកើនឡើងនៃចំណាយប្រេងឥន្ធនៈ និងថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាមក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងដែនអាកាសកម្ពុជានោះទេ។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជានៅតែមានសុវត្ថិភាព មានដំណើរការជាប្រក្រតី និងមិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និងដែនអាកាសជាតិរបស់កម្ពុជានៅតែបន្តដំណើរការតាមស្ថានភាពធម្មតា ។
ប៉ុន្តែទោះបីជាយ៉ាងណា ជុំវិញការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ានេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានថ្លែងថា ក៏មានផលប៉ះពាល់ដល់អ្នកដំណើរទាំងបរទេស និងខ្មែរចូលមកកម្ពុជាដែរ តាមរយៈការតភ្ជាប់ដោយផ្ទាល់ ឬតាមរយៈការចុះចត ទៅកាន់កម្ពុជា តាមមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ឈូងសមុទ្រ ដូចជា មជ្ឈមណ្ឌលទីក្រុងដូហា , មជ្ឈមណ្ឌលទីក្រុងឌូបៃ និងមជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ីដែលក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីជាខ្សែភ្ជាប់សំខាន់របស់កម្ពុជា ទៅកាន់អឺរ៉ុប , អាមេរិកខាងជើង , អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។
កម្ពុជាកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងសហការបន្តជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ និងអាជ្ញាធរអាកាសយានដ្ឋាន ដើម្បីតាមដានការវិវត្តន៍ស្ថានការណ៍ និងសម្របសម្រួលក្នុងការរៀបចំការធ្វើដំណើរ នៅពេលចាំបាច់។
លោកអះអាងដល់អ្នកដំណើរអន្តរជាតិថា ប្រព័ន្ធអាកាសចរណ៍របស់កម្ពុជា នៅតែមានស្ថិរភាព និងសុវត្ថិភាព និងវិធានការបច្ចុប្បន្នមានលក្ខណៈបង្ការ ដោយសារបណ្តាលមកពីកត្តាខាងក្រៅ៕