ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Shoya Yoshida អគ្គលេខាធិការនៃសហព័ន្ធសហជីពអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (ITUC-AP) នៅទីស្តីការក្រសួង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ITUC-AP នាពេលកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងការលើកកម្ពស់សិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈឱ្យស្របតាមបទដ្ឋានអន្តរជាតិខាងការងារ និងបរិបទសង្គមកម្ពុជា។
កិច្ចសហការនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសន្ទនាសង្គម និងលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជា្ជជីវៈ ព្រមទាំងបង្កើតបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ។
លោកស្រីរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះភាគី ITUC-AP សម្រាប់ការពិភាក្សាប្រកបដោយការស្ថាបនា ព្រមទាំងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធល្អៗលើវិស័យការងារ។
លោកជំទាវក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូដ៏សំខាន់រវាងក្រសួង និង ITUC-AP នឹងបន្តរីកចម្រើន និងរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា។
ជាការឆ្លើយតប លោក Shoya Yoshida បានប្តេជ្ញាបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅលើកកម្ពស់វិស័យការងារ និងសេរីភាពអង្គការវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់កម្មករនិយោជិត និងលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន និងអនាគត៕