ការថ្លែងណែនាំនេះ បានធ្វើឡើងក្នុងឱកាសលោក ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំសមាជិក និងសមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ព្រមទាំងតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា សរុបចំនួន ១៥០រូប។
ក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការដ៏សកម្មនាពេលកន្លងមក និងបន្តមកដល់បច្ចុប្បន្ន រវាងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបណ្តុះបណ្តាលដល់មន្ត្រីលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពីនីតិវិធីសំខាន់ៗក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេតករណីសង្ស័យថា មានទារុណកម្ម។
លោក ក៏បង្ហាញក្តីរីករាយនិងសាទរឯកឧត្តម សៀង ឡាប្រេស្ស ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសឯកឧត្តម នុត សាអាន អតីតប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងឯកឧត្តម ម៉ក់ សម្បត្តិ ជាអនុប្រធាន តាមព្រះរាជក្រឹត្យលេខ ១២២៥/១៦៩៥ នស.រកត.។
លោកជឿជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងមានសមត្ថភាពកាន់តែរឹងមាំ និងសកម្ម ក្នុងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកម្ពុជា ចូលជារដ្ឋភាគីនៃពិធីសារបន្ថែមនិងអនុសញ្ញាប្រឆាំងទារុណកម្ម ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។
គួររំលឹកថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ហៅកាត់ថា (គ.ជ.ប.ទ) គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការនេះ មានគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។ គ.ជ.ប.ទ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា៕