ថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា ស្តីពីវិធានការដោះស្រាយ របស់រាជរដ្ឋាភិបាល ចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថាចំពោះបងប្អូនជនភៀសសឹក ដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងសម្របសម្រួល ឱ្យបងប្អូនជនភៀសសឹក អាចវិលត្រឡប់ទៅកាន់លំ នៅឋានវិញ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC បាននិងកំពុងខិតខំយ៉ាងសកម្ម នៅក្នុងការបោសសម្អាត អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះមានសុវត្ថិភាព មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹក វិលត្រឡប់ទៅទីតាំងទាំងនោះវិញ ។
សម្ដេចធិបតីអំពាវនាវ ដល់បងប្អូនជនភៀសសឹកទាំងអស់ បន្តសហការឱ្យបានស្អិតរមួយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន និងយោគយល់ចំពោះការរងចាំវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនវិញ ខណៈដែលការបោសស្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះកំពុងបន្តអនុវត្ត ។ ជាមួយនឹងការសម្រួលដល់ការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ច រៀបចំនិងគ្រប់គ្រង ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំនិងគ្រប់គ្រងការស្តាជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ ។
ក្រុមការងារចំពោះកិច្ចនេះ បាននិងកំពុងចុះបំពេញភារកិច្ច នៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីវាយតម្លៃអំពីផលប៉ះពាល់ និងសេចត្រូវការ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ សម្រាប់គាំពារជីវភាពរស់នៅបងប្អូនជនភៀសសឹក នៅពេលត្រឡប់ទៅកាន់លំនៅឋានវិញ សំដៅស្តារជីវភាព និងជំរុញដំណើរការសកម្មភាពរស់នៅ ប្រចាំថ្ងៃឡើងវិញ ឱ្យបានឆាប់រហ័ស ។ ចំពោះមុខនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រង់គ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូ លើការពង្រឹងជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់ អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូន ទៅកាន់ទីតាំងដែលមានភាពប្រសើរជាងបច្ចុប្បន្ន ។ រាជរដ្ឋាភិបាល កំពុងពិនិត្យផ្តល់ដំណោះស្រាយ សមរម្យតាមលទ្ធភាពជាក់ស្តែង ក្នុងការជួយឱ្យបងប្អូនអាចរក្សាលំនឹងជីវភាព ប្រចាំថ្ងៃ ក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ ។
ជាមួយគ្នានេះ សម្រាប់រយៈពេលបន្ទាប់ ក្រសួងមហាផ្ទៃ កំពុងដឹកនាំស្រង់ស្ថិតិរបស់បងប្អូន ហើយនៅពេលដែលយើងប្រមូលបានទិន្នន័យ ព័ត៌មានចាំបាច់ រាជរដ្ឋាភិបាល តាមរយៈគណកម្មការអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យនិងដាក់ចេញនូវវិធានការ ដោះស្រាយជូនបងប្អូនតាមនីតិវិធីជាធរមាន និងការចាំបាច់ជាក់ស្តែងនៅពេលឆាប់ៗខាងមុខនេះ បច្ចុប្បន្នដោយមិនរងចាំ ដល់ការស្រង់ស្ថិតិត្រូវបានធ្វើរួចរាល់នោះទេ ក្នុងស្មារតី បុរេសកម្មដោយការទទួលខុសត្រូវខ្ពស់ គណៈកម្មការអន្តរក្រសួង កំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំ និងពិភាក្សាលើជម្រើសនានា ដើម្បីពិភាក្សារកដំណោះស្រាយ សមស្របជាក់ស្តែង និងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋយើង ។
ទន្ទឹមនឹងនេះ ដើម្បីជំរុញដល់ការស្តារឡើងវិញ ជីវភាពរបស់ប្អូន រាជរដ្ឋាភិបាល បាននិងកំពុងវាយតម្លៃជាបណ្តើរៗ ទៅលើទិដ្ឋភាពសំខាន់ៗ៣ គឺ ទី១ផលប៉ះពាល់ទៅលើផលដំណាំ ទី២ស្ថានភាពបំណុល និងទី៣ ការស្តារឡើងវិញជាបន្ទាន់ នូវសេវាសាធារណៈចាំបាច់ ជាពិសេសបណ្តាញទឹកស្អាត អគ្គិសនី និងទូរគមាគមន៍ រួមទាំងបណ្តាញដែលស្ថិតនៅក្រោម ការវិនិយោគរបស់ប្រតិបត្តិករឯកជន ៕