|
កម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ
ថ្ងៃទី ៖ 09-01-2026, ដោយ Dara007 , 34 Views
តាកែវៈ កម្មករនិយោជិតនៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ បានចូលធ្វើការងារតាមធម្មតាវិញហើយ ក្រោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះសម្របសម្រួល និងដោះស្រាយករណីតវ៉ា ដោយបញ្ចប់បញ្ហាសព្វគ្រប់ ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានោ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះថា ក្រោមការសម្របសម្រួលបន្ថែមទៀតពីសំណាក់មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យ៉ាងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ខ្ពស់ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ ការទាមទាររបស់បងប្អូនកម្មករ-កម្មការិនី នៃរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ ត្រូវបានដោះស្រាយបញ្ចប់ ហើយពួកគាត់បានចូលបម្រើការងារជាធម្មតាវិញហើយ។
លោកបានបញ្ជាក់ថា រាល់បញ្ហានានារបស់បងប្អូនកម្មករ-និយោជិត មិនថាតែក្នុងវិស័យកាត់ដេរ ឬវិស័យផ្សេងទៀតនោះទេ គឺក្រសួងការងារ តែងតែយកចិត្តទុកដាក់ដោះស្រាយដោយលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ដោយមិនព្រងើយកន្តើយនោះឡើយ។
បន្ថែមពីនេះ កម្មករនិយោជិតទាំងអស់អាចប្តឹង ឬផ្តល់ដំណឹងមកលេខ Hotline “១២៨៦” ដើម្បីឱ្យមន្ត្រីជំនាញរបស់ក្រសួង ដោះស្រាយបញ្ហាជូន។ សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៨ និងព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីបងប្អូនកម្មករនិយោជិត នៅរោងចក្រខាងលើបានធ្វើកូដកម្មទាមទារឱ្យរោងចក្រអនុវត្តនូវលក្ខខណ្ឌការងារចំនួន១៣ចំណុច៕
|