ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនជនភៀសសឹក និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលកម្មវិធីផ្សព្វផ្សាយនេះបានទទួលការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រទេសចិន ដែលតែងតែគាំទ្រដល់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាពិសេស ថ្មីៗនេះ ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ តាមរយៈសេចក្តីថ្លែងការណ៍ហ្វ៊ូសៀនដែលនឹងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ព្រមទាំងបានផ្តល់ជំនួយមនុស្សធម៌ជួយដល់ប្រជាជនភៀសសឹក ទៀតផង។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខិតខំប្រឹងប្រែងរិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងការងារនយោបាយ និងការទូត ដេីម្បីជំរុញឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងបញ្ចប់នូវសោកនាដកម្មពីការឈ្លានពានរបស់ថៃមកលេីកម្ពុជា។
លោកបញ្ជាក់ទៀតថា គោលដៅរបស់សម្តេចធិបតី គឺមិនចង់អោយមានសង្រ្គាម និងមិនចង់អោយប្រជាជនកម្ពុជាស្លាប់និងរបួសទេ ពោលគឺចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងចង់ឱ្យប្រជាជនកម្ពុជារស់នៅក្រោមសន្តិភាព និងទទួលបានការអភិវឌ្ឍគ្រប់គ្នាៗ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានលេីកឡេីងទៀតថា ការអប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ គឺជាកិច្ចការចាំបាច់មួយដែល សម្តេចធបតី នាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាជនភៀសសឹក ក្រោយវិលត្រឡប់ទៅលំនៅឋាន និងការបន្តសកម្មភាពប្រចាំថ្ងៃវិញ។
ជាមួយគ្នានេះ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល អាជ្ញាធរមីន បានចេញសេចក្តីណែនាំទៅគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ ជំរុញចាត់វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាជនភៀសសឹក ដេីម្បីបង្ការ និងទប់ស្កាត់ការគ្រោះថ្នាក់ជាយកថាហេតុណាមួយបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ។
លោក FAN Manjiang បានថ្លែងវាយតម្លៃខ្ពស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងប្រពៃណីរវាងកម្ពុជា និងចិន ហើយប្រទេសចិននឹងបន្តឈរជាមួយកម្ពុជាក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតទៅមុខទៀត។ ថ្មីៗនេះ ជាក់ស្តែង ប្រទេសចិនបានសម្របសម្រួលឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ ។
លោក FAN Manjiang បញ្ជាក់ទៀតថា ការគាំទ្រសកម្មភាពមីនមនុស្សធម៌ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់របស់ចិនមកលេីកម្ពុជា ហើយប្រទេសចិននឹងបន្តសកម្មភាពនេះ ដោយចង់ឃើញប្រជាជនកម្ពុជាទទួលបានសុខសុវត្ថិភាព និងរួចចាកផុតពីការគំរាមកំហែងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទាំងនោះក្រោយសង្រ្គាមបានបញ្ចប់។
កម្មវីធីនេះ ប្រព្រឹត្តទៅនៅមណ្ឌលជនភៀសសឹកក្នុងវត្តប្រាសាទនាគគូរ និងវត្តសិលាចារ្យបន្ទាយស្រី ស្ថិតនៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករសកម្មភាពមីន។