|
កងកម្លាំងកម្ពុជារងរបួសធ្ងន់និងស្រាលចំនួន ២នាក់ ដោយសារផ្ទុះគ្រាប់ចេញពីគំនរសំរាម បន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា
ថ្ងៃទី ៖ 06-01-2026, ដោយ Dara007 , 42 Views
ភ្នំពេញៈ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា៖
នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។
សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។
ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមគូសបញ្ជាក់សាជាថ្មីថា ដោយឈរលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិ និងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាពដ៏ពិតប្រាកដ រាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងរបស់កម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងឯកសារព្រមព្រៀងផ្សេងៗ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕
|