|
លោក ប្រាក់ សុខុន ៖ វីរៈកងទ័ពទាំង១៨នាក់ នឹងត្រឡប់មកវិញ នៅម៉ោង១២ស្អែក បើគ្មានការប្រែប្រួល
ថ្ងៃទី ៖ 29-12-2025, ដោយ Dara007 , 7 Views
ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងទទួលស្វាគមន៍វីរៈកងទ័ពទាំង១៨នាក់ ត្រឡប់មកវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគាត់។
ក្នុងសន្និសីទសារព័ត៌មាន នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោយបទឈប់បាញ់ត្រូវបានអនុវត្ត ដោយពេញលេញ រយៈពេល៧២ម៉ោង គឺនៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ យោធិនកម្ពុជា១៨ រូបនឹងត្រូវដោះលែង ត្រលប់មកកម្ពុជាវិញ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡា ឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
លោកសង្ឃឹមថា នឹងមិនមានអ្វីកើតឡើងរហូត ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែធ្នូ ខណៈដែលកម្ពុជាបានត្រៀមស្វាគមន៍ ទាហានកម្ពុជាទាំង១៨នាក់ ដើម្បីអាចឱ្យពួកក្រុមគ្រួសារដោយសុខសុវត្ថិភាព។
សូមបញ្ជាក់ថា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ មានរយៈពេល១៥៣ថ្ងៃ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់ខ្លួន ណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
|