ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Chong Leong Fatt នាយករងវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) និងសហការី នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Chong Leong Fatt ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ ITE ។ កិច្ចសហការនេះបានផ្តល់នូវលទ្ធផលជាផ្លែផ្កានាពេលកន្លងមកសម្រាប់បណ្តុះបណ្តាល កសាងសមត្ថភាពជាក់ស្តែងដល់ថ្នាក់ដឹកនាំ និងគ្រូបច្ចេកទេស TVET នៅកម្ពុជា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការជឿជាក់ថា ជំនួបនាពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ITE ឱ្យកាន់តែត្រូវបានពង្រឹងនិងពង្រីក សំដៅឈានទៅសម្រេចនូវគោលដៅដែលបានដាក់ចេញបន្ថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប លោក Chong Leong Fatt បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញរបស់កម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។
ទន្ទឹមនឹងនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងបានបង្ហាញពីមោទកភាពដែលបានឃើញការអភិវឌ្ឍស្ទើរគ្រប់វិស័យនៅប្រទេសកម្ពុជា ដោយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេស ស្តង់ដាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។
ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែពង្រឹងនិងពង្រីកថែមទៀត ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយនៅដើមឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕