ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Christian DesRoches ឯកអគ្គរដ្ឋទូត កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកសង្ឃឹមថា វត្តមានរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ជាពិសេសលោកនឹងធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្ម។
លោកក៏បានលើកឡើងពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេលចុងក្រោយនេះគឺមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលស្របជាមួយគ្នាទៅនឹងទំនាក់ទំនងទ្វេភាគីផ្នែកនយោបាយ និងការទូតរវាងកាណាដា និងកម្ពុជា។
លោកបានបង្ហាញនូវភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា និងកាណាដា ហើយឯកឧត្តមផ្ទាល់ក៏ជាអ្នកស្រឡាញ់ចំពោះប្រទេសកម្ពុជា ដែលឯកឧត្តមបានរៀនភាសាខ្មែរ ហើយបានចេះនិយាយភាសាខ្មែរទៀតផង។
ជាមួយគ្នានេះ លោកសន្យាថា នឹងជំរុញបន្ថែមទៀត ឱ្យអ្នកវិនិយោគកាណាដាមកកម្ពុជា ហើយឯកឧត្តមបានបញ្ជាក់ថានៅពេលនិយាយពីការវិនិយោគនៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ដែលជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ ហើយឯកឧត្តម នឹងជំរុញការវិនិយោគបន្ថែមទៀតពីអ្នកវិនិយោគកាណាដាឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះការលើកឡើងរបស់លោកអគ្គរដ្ឋទូតកាណាដា ជាពិសេសគឺការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា ដែលក្នុងពេលកន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺការកើនឡើងដល់ជាង១ពាន់លានដុល្លារ ដែលសម្ដេចតេជោបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មដែលមានប្រមាណជាង ១ពាន់លានដុល្លារនេះ គឺមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយពីគ្នាក៏ប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នា គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរវាងភាគីទាំងពីរ។
សម្ដេចតេជោសង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរមកហើយ ដែលមកដល់ពេលនេះនៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ និងជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត៕