នាថេរវេលានោះដែរ ព្រះគ្រូ ព្រះចៅអធិការវត្តត្រពាំងមាន់ ព្រះអង្គបានសម្ដែងនូវព្រះទ័យសោមនស្សរីករាយនិងសាទរចំពោះសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមូលមតិគ្នារៀបចំ និងដង្ហែអង្គកឋិនទានសាមគ្គីនេះឡើង។
ព្រះអង្គបានបញ្ជាក់ថា នេះគឺជាសទ្ធាដែលបង្ហាញពីការជឿគោរពលើព្រះពុទ្ធសាសនា និងស្មារតីសាមគ្គីជួយគ្នា ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងនៅយូរអង្វែង ព្រមទាំងជាការជួយទំនុកបម្រុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក។
ព្រះអង្គគ្រូ ព្រះចៅអធិកា មានសង្ឃដីកាប្រាប់ដល់ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិកថា ពិធីបុណ្យកឋិនទានគឺពិធីបុណ្យដ៏សំខាន់តាមពុទ្ធានុញ្ញាត ដែលពុទ្ធបរិស័ទតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនសាមគ្គីភាព និងជួយទំនុកបម្រុងទ្រទ្រង់ព្រះពុទ្ធសាសនា។
ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថាចំពោះ លោក អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានធ្វើពិធីដង្ហែបុណ្យកឋិនទាន សូមគូសបញ្ជាក់ថា កឋិនចីវរ គឺជាចីវរទានពិសេសជាងទានដទៃៗទៀត ដែលជាទាននាំឱ្យភិក្ខុសង្ឃជាអ្នកទទួល និងទាយកទាយិកាអ្នកធ្វើកឋិន ទទួលបានអានិសង្សច្រើនជាអនេក។ ការធ្វើកឋិនទានក៏ជាការញ៉ាំងសទ្ធាដោយលះបង់នូវអំពើអាក្រក់ និងសេចក្ដីកំណាញ់ទាំងឡាយផងដែរ ៕