ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងលោកនាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមជាសាក្សីពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ នៅម៉ាឡេស៊ី។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា ឯកសារសន្តិភាពមួយនេះ នឹងក្លាយទៅជាឯកសារមួយដែលផ្តល់នូវភាពរឹងមាំនៅក្នុងការនាំប្រទេសកម្ពុជា និងថៃ ឆ្ពោះទៅរកការស្តារទំនាក់ទំនងឱ្យវិលទៅរកប្រក្រតីភាពរវាងប្រទេស និងប្រទេស និងប្រជាជន និងប្រជាជនឡើងវិញ។ ហើយក៏ជាដំណើរឆ្ពោះរកកិច្ចសហប្រតិបត្តិការក្នុងការរស់នៅដោយសន្តិវិធី រវាងអ្នកជិតខាងគ្នា ហើយក៏បង្កើតនូវឱកាសកាលានុវត្តភាពនានា ដើម្បីឱ្យប្រទេសយើងទាំងពីររស់នៅដោយសុខសន្តិភាពជាមួយគ្នា និងមានវិបុលភាពជាមួយគ្នា”។
លោក ប្រាក់ សុខុន អះអាងថា ឯកសារសន្តិភាព ឬកិច្ចព្រមព្រៀងសន្តិភាព មានចំណុចមួយចំនួនដូចជា៖ ការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរ ក្នុងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ,ការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យរបស់ប្រទេសនីមួយៗ ,ការតាំងចិត្តសម្រាប់ការស្តារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមក (ការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសារកន្លងទៅយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត) ,ការរួមគ្នា និងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា (Online Scam) ,ការបោសសម្អាតមីននៅតាមព្រំដែន (ក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុន តំបន់ណាត្រូវដោះក្រោយ) ,ការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែន ហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ ,ភាគីថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនរង់ចាំទៀតទេ ,ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ,ការគោរពនូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ និងការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ក្នុងការស្តារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ នាំមកវិញនូវសុខសន្តិភាព វិបុលភាព សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ”។
ប្រមុខការទូតកម្ពុជា បានសម្តែងការដឹងគុណរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលនាំមកនូវបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតឈានដល់ឯកសារកិច្ចព្រមព្រៀងសន្តិភាពនាពេលនេះ ហើយលោកក៏បានអរគុណដល់ម៉ាឡេស៊ី ដែលបានសម្របសម្រួល និងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាកន្លងមក។
លោកបានអរគុណដល់ ប្រទេសជាមិត្តបរទេសដទៃទៀត ជាពិសេសប្រទេសចិនតែម្តង ដែលតែងតែខិតខំលើកទឹកចិត្តឱ្យកម្ពុជានិងថៃ ដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយគ្នា៕