ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។
សម្ដេចធិបតីបានជម្រាបជូនលោកស្រី គីម ជីណា ថា ប្រសិនករណីនេះជាការពិតសម្ដេចសូមឱ្យលោកស្រីជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។
ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ៕