ពលរដ្ឋខ្មែរ កុំបាត់ជំនឿភាពអត់ធ្មត់របស់រាជរដ្ឋាភិបាល
ថ្ងៃទី ៖ 20-10-2025, ដោយ Dara007 , 23 Views
កណ្ដាលៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឱ្យបាត់ជំនឿ នូវភាពអត់ធ្មត់ និងការខិតខំបង្រួមសភាពការណ៍ ដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំដោះស្រាយ ដើម្បីឈានទៅបញ្ចប់ជម្លោះឱ្យឆាប់រហ័ស។
ថ្លែងក្នុងឱកាសអញ្ជើញជាធិបតី សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា សភាពការណ៍នៅបន្ទាយមានជ័យអាចកើតប៉ុណ្ណឹង បើសិនជាគ្មានការអន្តរាគមន៍ វាអាចកើនខ្លាំងជាងនេះទៀត អ៊ីចឹងសូមឱ្យបងប្អូនកុំឱ្យបាត់ជំនឿ នូវភាពអត់ធ្មត់ និងការខិតខំបង្រួមសភាពការណ៍ និងប្រើប្រាស់ការចូលរួមរបស់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ គឺយើងត្រូវជឿលើច្បាប់អន្តរជាតិ និងយន្កការណ៍អន្តរជាតិ ទោះបីជាពេលខ្លះ វាអត់បានលឿនដូចយើងគិត នៅគ្រប់កន្លែងទាំងអស់ ខ្ញុំសូមឱ្យបងប្អូនជឿ។
សម្ដេចធិបតីបានបញ្ជាក់ថា បទឈប់បាញ់រយៈពេល៣ខែមកនេះ គឺមានភាពផុយស្រួលខ្លាំងណាស់ ប៉ុន្តែរាល់សភាពការដែលរៀបផ្ទុះ គឺរាជរដ្ឋាភិបាល បានធ្វើសកម្មភាព រួមមាន IOT មានប្រធានអាស៊ាន មានដៃគូដែលបានជួយសម្របសម្រួលភ្លាមៗ រវាងមេទ័ព និងមេទ័ព ។
ក្នុងនោះសម្តេចធិបតី បានបញ្ជាក់បន្ថែមថា ប្រសិនបើទាហានជួរមុខ អាចមានការយល់ប្រឡំគ្នា គឺបានអន្តរាគមន៍ពីលើទៅភ្លាម ដើម្បីគ្រប់គ្រងស្ថានការណ៍គឺបានជួយនូវសភាពការណ៍ដ៏អាក្រក់បំផុត ។ បន្ថែមលើនេះ សម្តេចធិបតី បានអះអាងថា កម្ពុជា មិនចង់យកសង្គ្រាមមក ដោះស្រាយបញ្ហាសង្គ្រាមនោះទេ៕
|