អភិបាលរងខេត្តស្វាយរៀង៖ តាមរយ:ការថែរទាំម៉ូយបានយ៉ាងល្អរបស់អភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែប
ថ្ងៃទី ៖ 18-09-2025, ដោយ Dara007 , 8 Views
ស្វាយរៀងៈ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ ទន់ភ្លន់របស់លោកអភិបាលខេត្តស្វាយរៀង ធ្វើឲ្យវិនិយោគិនមានទំនុកចិត្តខ្ពស់ក្នុងការបណ្តាក់ទុនវិនិយោគលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ននេះតាមរយ:ការថែរទាំម៉ូយបានយ៉ាងល្អរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើឲ្យកម្រិតទុនវិនិយោគកើនឡើងជាលំដាប់ ហើយឱកាសការងារក៏កាន់តែច្រើនសម្បូរបែបសម្រាប់បងប្អូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងបានធ្វើឡើងខណៈដែលលោក តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើស្នើនាំចូលដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋនូវគ្រឿងម៉ាសុីន សម្ភារៈ បរិក្ខារ វត្ថុធាតុដើមបន្ទាប់បន្សំរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីជាក្រុមហ៊ុនមានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅអនុគណ:កម្មាធិការវិនិយោគខេត្ត (អ.គ.វ.ខ)កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៥។
សូមបញ្ជាក់ថា បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោម រាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀង ជាខេត្តលេខ១ ដែលមាន តំបន់សេដ្ឋកិច្ចពិសេសច្រើនជាងគេ ចំនួន ១២កន្លែង និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុន ឯកជន រហូតដល់ ១.០៣៦កន្លែង ហើយក្រុង ស្រុក ចំនួន ៦ ក្នុងចំណោម ក្រុង ស្រុកទាំង ៨ គឺសុទ្ធតែមានតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រស្ថិតនៅ លើកលែងតែស្រុករមាសហែក និងស្រុករំដួលប៉ុណ្ណោះដែលពុំទាន់មាន ។
ប៉ុន្តែនៅក្នុងមូលដ្ឋានស្រុកទាំងពីរនេះក៏មានការ វិនិយោគ តាមរយៈកិច្ចសហការគ្នារវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករវៀតណាមផងដែរ លើការដាំដុះដំណាំអំពៅស្ករ ហើយផលដែលទទួលបានជាវត្ថុធាតុដើមនឹងត្រូវនាំចេញទៅ កាន់ប្រទេសវៀតណាមផងដែរ៕
|