ការលើកឡើងបែបនេះរបស់ លោក លី ធុជ ក្នុងឱកាសដែលឯកឧត្តមបានអនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។ លោកទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងទៀតថា ការងារបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនមែនចោទជាបញ្ហាចម្បងនោះទេ បញ្ហាសំខាន់គឺតំបន់តាមបណ្តោយព្រំដែនមិនទាន់ទទួលបានការឯកភាពគ្នា និងកំណត់ខណ្ឌសីមាច្បាស់លាស់នៅឡើយរវាងកម្ពុជា-ថៃ។ ទោះបីយ៉ាងណា កម្ពុជានៅតែបន្តសកម្មភាពបោសសម្អាតមីនជាធម្មតា ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលការបោសសម្អាតមីន ត្រូវផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។
លោក បន្តទៀតថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃកន្លងទៅនេះ យោធាថៃ បានបន្សល់ទុកនូវយុទ្ធភណ្ឌគ្រឿងផ្ទុះយ៉ាងច្រើន និងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់រយៈពេលយូរ ជាពិសេសបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ បន្ថែមលើបញ្ហាមីនដែលនៅសេសសល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងធ្វើការបោសសម្អាតមីនឱ្យអស់ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន។
លោលទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអ៊ឺរ៉ុប ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណដល់សហភាពអ៊ឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងសកម្មភាពមីនសកល ក្នុងនោះបានចូលរួមគាំទ្រដល់ភាពជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឆ្នាំ២០២៣ និងភាពជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
លោកបានចាត់ទុកសហភាពអ៊ឺរ៉ុប គឺជាដៃគូយូរអង្វែង និងមិត្តភ័ក្តយ៉ាងជិតស្និទ្ធរបស់កម្ពុជា ក្នុងនោះបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាគាំទ្រដល់កិច្ចការមនុស្សធម៌ ផងដែរ៕