រដ្ឋមន្រ្តីក្រសួងការងារជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ឱ្យបានទូលំទូលាយ
ថ្ងៃទី ៖ 16-08-2025, ដោយ Dara007 , 29 Views
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ បានជំរុញឱ្យផ្សព្វផ្សាយអំពីលេខទំនាក់ទំនងស្វែងរកការងារ ១២៩៧ និងកម្មវិធីស្វែងរកការងារតាមរយៈ Telegram Bot ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសពលករខ្មែរវិលត្រឡប់ពីប្រទេសថៃបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់។
ថ្លែងក្នុងវេទិកាជាមួយសហជីព ប្រតិភូបុគ្គលិកដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដែលពិធីនេះប្រព្រឹត្តទៅនាពេលព្រឹក និងពេលរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសហជីព និងប្រតិភូបុគ្គលិក ប្រមាណ ៧០០នាក់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានផ្តាំផ្ញើដល់តំណាងសហជីព និងប្រតិភូបុគ្គលិកឱ្យជំរុញបន្តផ្សព្វផ្សាយ និងផ្តល់ភាពកក់ក្តៅក្នុងការចុះឈ្មោះរកការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ខណៈពេលដែលប្រទេសកម្ពុជាមានឱកាសការងារសម្បូរបែប រួមផ្សំនឹងការវិនិយោគទុនពីបរទេស និងការកកើតនៃសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកជាច្រើន។
ជាការរម្លឹក លោក ហេង សួរ បានលើកឡើងអំពីអត្ថប្រយោជន៍នៃការធ្វើការនៅក្នុងប្រទេសកម្ពុជា និងសំណូមពរឱ្យតំណាងសហជីព និងប្រតិភូបុគ្គលិកចូលរួមផ្សព្វផ្សាយព័ត៌មាន និងជួយដោយផ្ទាល់ក្នុងការចុះឈ្មោះរកការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នការងារនៅកម្ពុជា មានច្រើនប្រភេទដែលអាចឱ្យបងប្អូនទទួលបាននូវប្រាក់ឈ្នួលអាចទទួលយកបាន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ប្រសើរជាងចំណាកស្រុកទៅប្រទេសថៃ ជាពិសេសរបបថែទាំសុខភាព និងប្រាក់សោធននិវត្តន៍៕
|