ថ្ងៃនេះអនុព័ន្ធយោធាម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ចុះអង្កេតនៅព្រំដែនកម្ពុជា ថៃ
ថ្ងៃទី ៖ 14-08-2025, ដោយ Admin , 56 Views
ភ្នំពេញ : ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួមក្នុងនោះរួមមាន ៖ ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ។
យោងតាមខ្លឹមសារពីរដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្ដា បានសរសេរនៅលើបណ្ដាញសង្គមថា សមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥) ២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន ៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ) ។
គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។
ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ ៕
|