លោក ស សុខា ព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ
ថ្ងៃទី ៖ 14-08-2025, ដោយ Dara007 , 70 Views
ភ្នំពេញៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោក នៅតែមានការព្រួយបារម្ភ អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈនិន្នាការនេះនឹងនៅតែបន្តជះផលអវិជ្ជមាន ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។
លោក បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែល លោក បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាល ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថាការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា ថៃធូរស្រាល។
យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០%៕
|