លោក រស់ វិសុទ្ធ មន្ត្រីផ្នែកអភិរក្សនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឱ្យដឹងថា ថ្មីៗកន្លងទៅក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញអ្នក ជំនាញការអាដហុក(ADHOC) នៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក ឱ្យទៅពិនិត្យមើលពីហានិភ័យរបស់ប្រាសាទភ្នំក្រោម ដើម្បីផ្តល់អនុសាសន៍ពីវិធានការ ថាតើត្រូវទប់ស្កាត់យ៉ាងណា កុំឱ្យប្រាសាទភ្នំក្រោម រងការខូចខាតជាបន្តទៅទៀត។
អ្នកជំនាញការអាដហុកផ្តល់អនុសាសន៍ឱ្យរៀបចំធ្វើការទល់ទ្រ ដើម្បីសង្រ្គោះទើបក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានទល់ទ្រប្រាង្គទាំង៣របស់ប្រាសាទភ្នំក្រោម តាមទីតាំងរចនាសម្ពន្ធណាដែលមានគ្រោះថ្នាក់ខ្លាំងជាបន្ទាន់ ហើយរៀបចំធ្វើដំបូលប្រក់តួប្រាង្គទាំង៣នោះ ដើម្បីការពារកុំឱ្យទឹកភ្លៀងជ្រាបចូលស្រទាប់ថ្ម ដែលអាចនាំឱ្យថ្មសឹករិចរិលខ្លាំងផង។
អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការថែរក្សា និងការពារប្រាសាទបុរាណ ដោយបានសម្រេចចិត្តធ្វើការទល់ទ្រសង្រ្គោះបន្ទាន់ ដើម្បីការពារជាយថាហេតុណាមួយ ឬអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលទៅទស្សនា។
ប្រាសាទភ្នំក្រោម មានលក្ខណៈពិសេសជាងប្រាសាទផ្សេងៗ ដោយសារបុព្វបុរសខ្មែរ បានរៀបចំកសាងប្រាសាទនេះស្ទើរតែទាំងមូល គឺយកថ្មភក់រៀបធ្វើជាសាច់ថ្មបញ្ឈរ។ ដោយឆ្លងកាត់ជាច្រើនសតវត្សរ៍មកនេះ ថ្មទាំងអស់បានរងសំណើមពីមាត់បឹងទន្លេសាប រងកម្តៅថ្ងៃខ្លាំងនៅលើទីខ្ពស់ ហើយសត្វប្រចៀវក៏ជុះនោមអាចម៍ដាក់ ធ្វើឱ្យសាច់ថ្មមានការខូចខាតប្រេះជាស្រទាប់ៗហែកចេញពីគ្នា។
មួយវិញទៀត ក៏មានការរំខានពីមជ្ឈដ្ឋានមនុស្សមួយចំនួនផង បានធ្វើឱ្យប្រាសាទភ្នំក្រោមមានការខូចខាតធ្ងន់ធ្ងរជាងប្រាសាទដទៃនៅតំបន់អង្គរ៕