ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅល្ងាចថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន និងសហការី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រ និងការណែនាំរបស់សម្តេចតេជោនាពេលកន្លងមក ចាប់តាំងពីពេលដែលលោកជំទាវចូលកាន់តំណែងជាអគ្គលេខាធិការអន្តរសភាអាស៊ាននៅឆ្នាំ២០២២។
លោកស្រីអគ្គលេខាធិការ បានកត់សម្គាល់ជាវិជ្ជមាននូវកិច្ចពិភាក្សា គំនិតផ្តួចផ្តើមល្អៗជាច្រើន ជាពិសេសគំនិតផ្តួចផ្តើមរបស់កម្ពុជាស្តីពីបណ្ណាល័យឌីជីថលអំពីច្បាប់ ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាផង និងអាស៊ានផង។ លោកស្រីបានបន្តថា ដោយផ្អែកលើបទពិសោធល្អរបស់កម្ពុជានេះ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ AIPA បានសម្ពោធ AIPA LYNC ដែលជាបណ្ណាល័យឌីជីថល រួមមានឯកសារច្បាប់ពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដែលមានអ្នកចូលប្រើប្រាស់រហូតដល់ជិត ៣សែននាក់។
លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរគំរូវីរភាពរបស់សម្តេចតេជោ ដែលបានចែករំលែកនាឱកាសកិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ (IPTP) និង មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) ជាពិសេសប្រវត្តិតស៊ូរបស់សម្តេច និងធម្មនុញ្ញសន្តិភាពសកលរបស់សម្តេច។
លោកស្រី បានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្ត និងការតស៊ូរបស់សម្តេច នៅតែស្ថិតក្នុងការចងចាំរបស់លោកជំទាវ ហើយនេះ ជាមេរៀនសម្រាប់ការកសាងសន្តិភាព និងសុខដុមរមនាសំខាន់សម្រាប់អាស៊ាន។ លោកស្រីអគ្គលេខាធិការ បានសម្តែងនូវអំណរអរគុណ និងការសាទរចំពោះគំនិតផ្តួចផ្តើម វេទិកាថ្នាក់ដឹកនាំ AIPA, AIPA Caucus និងកម្មវិធី AIPA Roadshow ដែលមាននិស្សិតប្រមាណ ៤០០នាក់ រង់ចាំសួរសំណួរដោយផ្ទាល់ និងរាប់ពាន់នាក់តាមប្រព័ន្ធអនឡាញ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអរគុណលោកជំទាវអគ្គលេខាធិការចំពោះការកត់សម្គាល់បទពិសោធន៍ និងគំនិតផ្តួចផ្តើមល្អៗរបស់កម្ពុជា និងបានសាទរចំពោះសមិទ្ធផលនានា ដែល AIPA សម្រេចបាន។ សម្តេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា បានបំពេញតួនាទីយ៉ាងសកម្មនៅក្នុងក្របខណ្ឌអាស៊ាន ហើយជាក់ស្តែង សម្តេច បានកាន់ញញួរក្នុងឋានៈជាប្រធានអាស៊ានចំនួន ៣ដងនាពេលកន្លងមក។
សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះការបង្កើតឱ្យមានបណ្ណាល័យ AIPA LYNC ហើយនេះ ក៏ជាបទពិសោធន៍ល្អសម្រាប់អាស៊ានផងដែរ។
សម្តេចតេជោ ក៏បានចាត់ទុកតួនាទីរបស់សភា និងការចូលរួមយ៉ាងផុសផុលដោយផ្ទាល់ និងអនឡាញនាពេលនេះ គឺជានិម្មិតរូបនៃការចូលរួមយ៉ាងសកម្មរបស់ប្រជាជនក្នុងសមាហរណកម្មពេញលេញក្នុងអាស៊ាន ដែលនេះគឺជាមោទនភាពរបស់កម្ពុជា។
ក្រោមទិដ្ឋភាពសកល សម្តេចតេជោ បានបន្តចែករំលែកស្ថានភាពមិនច្បាស់លាស់នៃពិភពលោក ដែលតម្រូវឱ្យយើងធ្វើសមាហរណកម្មជាមួយដៃគូនានា ជាពិសេសសហប្រតិបត្តិការក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន, អាស៊ាន-ចិន និង RCEP ជាដើម ដើម្បីឆ្លើយតបទៅនឹងការអនុវត្តដោយឯកតោភាគី។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការពង្រឹងភាពជាដៃគូ និងអង្គការតំបន់របស់យើង ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ នឹងជំរុញឱ្យមានកំណើន ជាក់ស្តែងកំណើនពាណិជ្ជកម្មអាស៊ានគ្នាឯង និងការពង្រីកទីផ្សារក្នុងក្របខ័ណ្ឌ RCEP ជាដើម។ សម្តេចតេជោ បានបន្តកត់សម្គាល់អំពីសារៈសំខាន់នៃការចែករំលែកប្រវត្តិ និងបទពិសោធន៍ ពីអ្នកជំនាន់មុនទៅអ្នកជំនាន់ក្រោយ តួយ៉ាងបទពិសោធជាច្រើនរបស់សម្តេច ក្នុងការកសាង និងរក្សាបាននូវសន្តិភាពជូនកម្ពុជា ក្រៅពីអ្វីដែលសម្តេចបានចែករំលែកនៅភ្នំពេញ នៅហ្សារកាតា និងនៅទីម័រឡេស្តេផងដែរ។ សម្តេចតេជោ បានសម្តែងនូវការសាទរចំពោះសមិទ្ធផលរយៈពេលជិត ២ឆ្នាំ នៃថ្នាក់ដឹកនាំអ្នកបន្តវេនកម្ពុជា ដែលរក្សាបាននូវស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងកំណើតសេដ្ឋកិច្ចជារួម។
សម្តេចតេជោ បានបន្តលើកឡើងថា នីតិប្បញ្ញត្តិគ្រប់ប្រទេស គួរគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចបាននូវចក្ខុវិស័យ និងឧត្តមប្រយោជន៍ជូនប្រជាជន។
ក្នុងន័យនេះ សម្តេចតេជោ បានផ្តួចផ្តើមវេទិកាថ្នាក់ដឹកនាំព្រឹទ្ធសភា សំដៅជំរុញឱ្យមានកិច្ចសន្ទនារវាងព្រឹទ្ធសភា និងប្រែក្លាយវេទិកានេះជារចនាសម្ព័ន្ធទ្រទ្រង់ដល់រដ្ឋាភិបាល ក៏ដូចជាយន្តការសម្រាប់អាស៊ានផងដែរ៕