មន្ត្រីជំនាញកសិកម្មប្រាប់កសិករឱ្យងាកមកប្រើប្រាស់ជីធម្មជាតិផលិតក្នុងស្រុក
ថ្ងៃទី ៖ 01-07-2025, ដោយ Dara007 , 41 Views
កំពង់ស្ពឺៈ លោក កៅ ផល មន្ត្រីជំនាញកសិកម្មប្រាប់កសិករឱ្យងាកមកប្រើប្រាស់ជីធម្មជាតិផលិតក្នុងស្រុក ដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ជីគីមី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីក្នុងផលិតកម្មកសិកម្ម ខណៈនៅក្នុងស្រុកមានក្រុមហ៊ុនមួយចំនួនបាននិងកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មជីធម្មជាតិដើម្បីបំពេញដល់តម្រូវការកសិកម្ម។ការណ៍នេះគ្រាដែលដឹកនាំក្រុមការងារក្រសួង មន្ត្រីបច្ចេកទេសមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចុះពិនិត្យលើដំណើរការខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតជីធម្មជាតិរបស់ក្រុមហ៊ុន ហ៊ុយយន់ កសិកម្ម ដែលស្ថិតនៅក្នុងសង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោក កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានលើកឡើងថា កសិកម្មនៅកម្ពុជានៅប៉ុន្មានឆ្នាំមុន កសិករខ្មែរភាគតិចណាស់ដែលមានទម្លាប់ក្នុងការប្រើប្រាស់ជីធម្មជាតិសម្រាប់បង្ករបង្កើនផលដំណាំ ព្រោះចង់បានអ្វីដែលលឿន អ្វីដែលងាយស្រួល និងមិនចង់ចំណាយកម្លាំងពលកម្មច្រើន ម្នាក់ៗបានបង្ខំចិត្តប្រើប្រាស់ជីគីមីដែលនាំចូលទោះជាមានតំលៃថ្លៃបន្តិចក៏ដោយ។ លោកថា ការទម្លាប់ប្រើប្រាស់ជីគីមីដើម្បីជំនួយលើការដាំដុះ វាមានភាពងាយស្រួលក្នុងការទទួលបានផលច្រើន ប៉ុន្តែវាបានបង្កជាហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពអ្នកដាំដុះផ្ទាល់ ក៏ដូចជាអ្នកទទួលទាន។មួយវិញទៀត វាក៏ធ្វើឱ្យមានការចំណាយថ្លៃដើមខ្ពស់ កាត់បន្ថយការចំនេញ ដូច្នេះកសិករខ្មែរដែលបាននិងកំពុងប្រកបរបរដាំដុះគួរតែងាកមករៀនទាញយកប្រយោជន៍ពីកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួនឱ្យក្លាយជាជីធម្មជាតិឬទិញជីធម្មជាតិដែលក្រុមហ៊ុនក្នុងស្រុកកំពុងផលិតដើម្បីបំពេញតម្រូវការងារកសិកម្ម។ តួយ៉ាងក្រុមហ៊ុន ហ៊ុយយន់ កសិកម្មបានដាក់ទុនវិនិយោគលើការផលិតជីសរីរាង្គ ថ្នាំពុលធម្មជាតិកំចាត់សត្វល្អិត ដើម្បីចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់ជីគីមី ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីក្នុងផលិតកម្មកសិកម្ម។ក្នុងនោះរោងចក្រផលិតជីសរីរាង្គរបស់ក្រុមហ៊ុន ហ៊ុយយន់ កសិកម្មមានលទ្ធភាពក្នុងដំណើរការផលិតជីធម្មជាតិបានរហូតដល់ ១០០តោនក្នុង១ថ្ងៃ។
ក្នុងឱកាសចុះពិនិត្យលើខ្សែច្រវាក់ផលិតកម្ម របស់ក្រុមហ៊ុននោះដែរ លោក កៅ ផល ក៏បានណែនាំផងដែរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ ក៏ដូចជាក្រុមហ៊ុន ហ៊ុយ យន់ កសិកម្ម អោយបន្តសហការល្អនិងពិនិត្យបន្ថែមលើលទ្ធភាពក្នុងប្រមូលកាកសំណល់លាមកសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ ដែលជាវត្ថុធាតុដើម ដើម្បីកែច្នៃនិងផ្គត់ផ្គង់ដល់ដំណើរការក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ក្រុមហ៊ុន ក្នុងន័យដើម្បីសំអាតអនាម័យ និងកែលំអរបរិស្ថាន សុខភាព របស់កសិដ្ឋានចិញ្ចឹមសត្វ។ជាងនេះក្រុមហ៊ុនក៏ត្រូវពិនិត្យផងដែរ ក្នុងការប្រមូលយកកាកសំណល់ ចេញពីរោងចក្រកែច្នៃផ្លែឈើ ដូចជាផ្លែស្វាយ ដើម្បីយកធ្វើជាវត្ថុធាតុដើម ក្នុងការផលិតជីធម្មជាតិផងដែរ។
មន្ត្រីជាន់ខ្ពស់កសិកម្ម លោក កៅ ផល បានដាក់ការរំពឹងយ៉ាងមុតមាំក្នុងការចូលរួមសហការជាមួយមន្ទីរ និងបណ្តាដៃគូរពាក់ព័ន្ធផ្សេងៗទៀត ក្នុងការលើកកម្ពស់ការផលិតជីសរីរាង្គនេះ ដែលជាវត្ថុធាតុដើម និងមានសារៈសំខាន់របស់វិស័យកសិកម្ម ជាពិសេសក្នុងការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើយ៉ាងណាអោយព្រះរាជាណាចក្រកម្ពុជាយើងមានរោងចក្រផលិតជី ដើម្បីជួយផ្គត់ផ្គង់ទៅដល់កសិករ ក៏ដូចជាការកាត់បន្ថយថ្លៃដើមក្នុងផលិតផលិតផលកសិកម្មកសិករយើង នេះគឺជាមោទកភាពរបស់ខេត្តកំពង់ស្ពឺផង ក៏ដូចជាវិស័យកសិកម្មដែលយើងអាចផលិតជីសរីរាង្គបានដោយខ្លួនឯង៕
|