ក្នុង«ទិវាមច្ឆជាតិ ១កក្កដា ២០២៥» និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងតំបន់ជម្លោះទាំង៤ដែលមានប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ជាពិសេសប្រាសាទតាមាន់ធំកុំឃើញកម្ពុជាស្ងៀមស្ងាត់មិនមាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ ប៉ុន្តែកម្ពុជាមានពេលវេលានិងលទ្ធភាពឆ្លើយតបគ្រប់ពេលទាំងអស់ ។
សម្តេចធិបតីបន្តថា ដូច្នេះបើកម្ពុជាទទួលស្គាល់ផែនទី១លើ៥០ពាន់នេះ នឹងអាចធ្វើឲ្យភាគីថៃមានឱកាសតាមអំពើចិត្តគូសផែនទីរំលោភបំពានកម្ពុជាបន្តទៀត ។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់យ៉ា់ងច្បាស់ៗថា កម្ពុជាពុំបានចង់បានដីរបស់ប្រទេសណាមួយនោះទេ គឺកម្ពុជាប្រកាន់យកតែភាពត្រឹមត្រូវតែប៉ុណ្ណោះ ដូច្នេះអ្វីដែលកម្ពុជា-ថៃបានស៊ីញ៉េរួមគ្នាកាលពីឆ្នាំ២០០០លើផែនទីដែលមានបារាំងទទួលស្គាល់កាលពីអំឡុងឆ្នាំ១៩០៧នោះ សូមទទួលយកទៅ មិនមែនជាផែនទីដែលថៃគូសឡើងជាឯកតោភាគីនោះទេ ។
សម្តេចធិបតីបន្ថែមថា បើសិនភាគីថៃនៅតែអះអាងប្រើប្រាស់ផែនទីគូសដោយខ្លួនឯង ពិតណាស់បញ្ហាព្រំដែកម្ពុជា-ថៃមិនបញ្ចប់ជម្លោះទេ នឹងបន្តអូសបន្លាយយូរឆ្នាំទៀតរហូតដល់ការធ្វើសង្គ្រាមក៏អាចថាបាន ។ ដូច្នេះមានតែយន្តការដោះស្រាយតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដែលនេះជាការដោះស្រាយដោយសន្តិវិធី ។
សម្តេចនាយករដ្ឋមន្រ្តីអះអាងថា កម្ពុជាជ្រើសយកផ្លូវច្បាប់ជាអន្តរជាតិនេះ ដើម្បីមិនចង់ឲ្យបញ្ហាព្រំដែនរីករាលដាលទៅតំបន់ផ្សេងទៀតនៅតាមបណ្តាខេត្តរបស់ខ្មែរទាំង៧ដែលមានព្រំប្រទល់ជាប់ជាមួយថៃ ៕