ក្នុងកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរៀបចំឡើង នៅទីស្ដីការក្រសួង រវាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា (Gauquelin des Pallières Leakhena) នាយិកាគ្រប់គ្រងទូទៅនៃអង្គការ PSE ក្រោមគម្រោង«ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» ដើម្បីជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនដែលងាយរងហានិភ័យ និងប្រជាពលរដ្ឋកម្ពុជាទូទៅ។
លោករដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា អង្គការ PSE ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនដែលងាយរងហានិភ័យឱ្យមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
លោក បានកោតសរសើរចំពោះអង្គការ PSE ដែលបានខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរួមចំណែកជួយដល់កុមាររងគ្រោះនាពេលកន្លងមក ហើយរួមចំណែកផ្ដល់ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការផលិតកម្លាំងពលកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឯកជនកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ននេះ។
បន្ថែមលើនេះ លោកបានបញ្ជាក់ថា៖«ការចុះកិច្ចព្រមព្រៀងគម្រោងនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នយើងទាំងពីរ ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ ដែលមានរយៈពេល ៣ឆ្នាំទៅមុខ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដល់សិស្ស និស្សិតយ៉ាងច្រើនបន្ថែមទៀតព្រមទាំងបានបង្កើនឱកាសការងារនៅប្រទេសកម្ពុជាយើងផងដែរ»។ កិច្ចសហការនេះ ជាភស្តុតាងដ៏ល្អមួយដែលបញ្ជាក់ពីការប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការបន្តស្ថាបនានូវសមិទ្ធផលរួម ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងបរិបទអភិវឌ្ឍន៍ធនធានមនុស្ស និងកំណត់ស្តង់ដាបណ្តុះបណ្តាលតាមតម្រូវការទីផ្សារការងារដ៏សកម្មនេះផងដែរ។
ក្នុងនាមអង្គការ PSE លោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា បានថ្លែងថា អង្គការបានទទួលកិច្ចសហការយ៉ាងជិតស្និទពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការសម្របសម្រួលបើកដំណើរការវិទ្យាស្ថាន PSE កាលពីឆ្នាំ២០១១ ដើម្បីផ្ដល់ឱកាសការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនដែលងាយរងហានិភ័យ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
លោកស្រីបញ្ជាក់ថា៖«អង្គការ PSE មានកិត្តិយសខ្លាំងណាស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដើម្បីផ្ដល់ឱកាសក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនកម្ពុជាឱ្យមានជំនាញជាក់លាក់សម្រាប់កសាងអនាគត និងប្រទេសជាតិ»៕