សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋ កុំពង្រីកសភាពការណ៍បញ្ហាព្រំដែន នាំឱ្យមានការរើសអើងរវាងជនជាតិមួយ រវាងជនជាតិនៃប្រទេសមួយ
ថ្ងៃទី ៖ 07-06-2025, ដោយ dara007 , 23 Views
រតនគិរី សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋ កុំពង្រីកសភាពការណ៍បញ្ហាព្រំដែន នាំឱ្យមានការរើសអើងរវាងជនជាតិមួយ រវាងជនជាតិនៃប្រទេសមួយ ដោយត្រូវរួមសហប្រតិបត្តិការទំនាក់ទំនង អភិវឌ្ឍន៍ជាមួយគ្នាបានល្អ ជាមួយប្រទេសជិតខាង ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានា ក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ត្រូវមានការជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកងកម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ជាពិសេសតំបន់មានជម្លោះកើតឡើង ជៀសវាងរុញឱ្យមានជម្លោះបែបស្អប់ខ្ពើមជាតិសាសន៍ រវាងកម្ពុជា និងថៃ ខណៈដែលថ្មីៗនេះមានពលរដ្ឋថៃ ប្រមាណជាង២០០នាក់ បានទៅធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាទីក្រុងបាងកក ដែលទង្វើនេះ ផ្ទុះឡើងដោយចលនាជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួនតូច ។
ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណ ដល់ពលរដ្ឋកម្ពុជា ដែលមិនបានរុញបញ្ហានេះ ឱ្យកាន់តែរីកធំឡើង ហើយបានទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ជាមួយភាគីថៃ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ផង និងការប្តឹងទៅកាន់តុលាការអន្តរជាតិ (ICJ) លើបញ្ហានេះ ។
សូមបញ្ជាក់ថា មានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕
|