ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអធិបតី ហ៊ុន ម៉ាណែត ជូនចំពោះសមាជិកសមាជិកា ដែលបានចូលរួមជាពិសេស អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានដឹកនាំក្រុមការងារចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជានាឱកាសនេះ។
ជាមួយគ្នានេះលោកជំទាវប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមកោតសសើរដល់ក្រុមយុវជនបូជាការពារយុត្តិធម៌ទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដ៏ច្រើនដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឱកាស យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងការស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានរយៈពេល១ខែពេញ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត សូមអរគុណអស់ពីដួងចិត្តដល់ក្រុមយុវជនបូជាការពារយុត្តិធម៌ ព្រមទាំងជួយឧបត្ថមគាំទ្រដល់កងទ័ពជួរមុខដែលកំពុងការពារទឹកដី តាមបន្ទាត់ព្រំដែនប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំ របស់ប្រជាជាតិខ្មែរទាំងមូល។ ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិតក៏បានស្នើសុំទៅដល់អ្នកដែលបង្កើតមាតិកា ដែលមានប្រជាប្រិយភាពនៅតាមបណ្ដាញសង្គមនានា សូមជួយជំរុញចូលរួមផ្សព្វផ្សាយយុទ្ធនាការកៀងគររកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត ដើម្បីឲ្យមានការផុលផុស នឹងមានការចូលរួមពីសប្បុរសជននានា ជួយដល់កុមារកម្ពុជារាប់ម៉ឺននាក់ដែលកំពុងត្រូវការឲ្យជួយ។
ជាការឆ្លើយតបអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ក៏សូមគោរពថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តល់ឱកាសឲ្យក្រុមការងារបានចូលរួមចែករំលែកនូវធនធាន ដើម្បីជួយទ្រទ្រង់ដល់មូនិធិកុមារកម្ពុជា និងសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតឲ្យមានមូលនិធិនេះ។
អ្នកកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារក៏សូមប្ដេជ្ញាជួយដល់មូលនិធិកុមារកម្ពុជា និងជួយដល់កិច្ចការសង្គមជាបន្តបន្ទាប់ទៀតដើម្បីជាតិ ដើម្បីសង្គម ក្នុងន័យស្មារតីខ្មែរជួយខ្មែរ។ សូមជម្រាបថាមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣លានករណី បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះ ចំនួនប្រមាណ ៤១ម៉ឺននាក់។
មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង ១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យ ក្នុងការជួយព្យាបាលជំងឺជូនកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព និងគ្មានការរើសអើង៕