ការបញ្ជាឱ្យពិនិត្យមលនេះ ក្រោយសម្តេចបានឃើញនូវការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ដែលថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនសូវទទួលបានការយកចិត្តទុកដាក់ឡើយ ។ ជុំវិញបញ្ហាខាងលើនេះ សម្តេច បានកត់សម្គាល់ថា មានតិចតួចបានលើកឡើង។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់បំផុតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ថ្ងៃមុនបងឃើញគេ (សម្តេចនិយាយជាមួយកម្មការិនី) គេបង្ហោះតាមហ្វេសប៊ុក តាមអី ១រឿង ២រឿង នោះគេថា អ្នកកាន់ ប.ស.ស. ទៅពេទ្យ មិនសូវយកចិត្តទុកដាក់ ។ ព្រោះអាហ្នឹងការងារនេះ តាមឱ្យជាប់ ក្រសួងការងារ ក្រសួងសុខាភិបាល គឺអត់ឱ្យមានការរើសអើងទេ មណ្ឌលសុខភាព ទាំងឯកជន ទាំងរដ្ឋ គឺត្រូវធ្វើមិចយកចិត្តទុកដាក់ដូចគ្នា»។
សម្តេចបវរធិបតី ក៏បានបញ្ជាក់ថា បានឱ្យក្រុមការងារចុះពិនិត្យ ទៅលើកិច្ចការងារទាំងនេះដែរ ខណៈដែល សម្តេច ក៏សង្កេតឃើញថា មានចន្លោះប្រហោងបន្តិចបន្តួច តែបានធ្វើការកែសម្រួលជាបន្តបន្ទាប់។
សម្តេច សង្កត់ធ្ងន់ថា ធ្វើយ៉ាងណា កុំឱ្យមានការរើសអើងឱ្យសោះ ចំពោះអ្នកប្រើប្រាស់បណ្ណ ប.ស.ស.។ ជាមួយគ្នានេះ សម្តេចបវរធិបតីសម្ដែងការសប្បាយចិត្ដក្រោយឃើញប្រជាពលរដ្ឋទទួលផលប្រយោជន៍ និងសេវាសុខាភិបាលពីប័ណ្ណប.ស.ស ក្រោយបានស្ដាប់ចេញពីមាត់ពលរដ្ឋជាក់ស្ដែង៕