ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួន ៨០០នាក់ នៅសាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលេីកទឹកចិត្តដល់ក្រុមការងារត្រូវពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនេីង បងតូច បងធំ ជាពិសេសត្រូវទទួលនូវសំណេីនានាពាក់ព័ន្ធវិស័យកសិកម្ម ដោយត្រូវចុះជួយជាជំនួយបច្ចេកទេស ផ្តល់វគ្គបណ្តុះបណ្តាល និងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប ដែលអាចជួយកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់ត្រូវតាមតម្រូវការទីផ្សារ និងមានហានិភ័យទាបសម្រាប់ប្រជាកសិករ។
ទន្ទឹមនឹងនេះ លោកបានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី ត្រូវចូលរួមបំពេញនូវចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក បន្តកសាងសមិទ្ធផលបន្ថែមទៀតក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈ ការទទួលសំណេី និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ចំគោលដៅ ក្តាប់ឱ្យបាននូវសណ្ឋានភាពគ្រប់អនុវិស័យទាំងអស់។ ជាថ្មីម្តងទៀត លោកបានសម្តែងនូវការពេញចិត្តជាខ្លាំងនូវការសហការគ្នាបានយ៉ាងល្អទាំងក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលបានខិតខំរួមគ្នាបំពេញការងារក្នុងគោលដៅរួម ផ្សាភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ និងសូមជូនពរដល់អង្គពិធីទទួលបានសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងមន្រ្តីរាជការទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សរស្រាំដល់ភូមិ-ឃុំតែម្តង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
លេីសពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់តំណាងរាស្រ្តព្រឹទ្ធសភា ដែលបានចូលរួមគ្រប់សកម្មភាពទាំងអស់ និងបានចូលរួមដល់ការបំពេញការងារឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕