នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះយឹម សំអៀង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះឈា ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាឪពុក និងកូនបង្កើត ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណី ហិង្សាដោយចេតនាកាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កដោយជនសង្ស័យឈ្មោះ ព្រីង សូណា (ស្នា) ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហ៊ីម ពន្លឺ (ប៉ក់) ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះទាំងពីរនាក់ខាងលើ បណ្ដាលឱ្យររងរបួស(ធ្ងន់-ស្រាល) និងបានយកកាំបិតជំពុះទុងគំរាមទៅលើជនរងគ្រោះ ចំណែកជនរងគ្រោះឈ្មោះ ឈា ភក្ត្រា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចាស្មីន ក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងចាប់យកវត្ថុតាង ដែកជំពុះទុងកែច្នៃ ប្រវែង២៨សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន សួរនាំរួចជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាបានវាយទៅលេីជនរងគ្រោះពិតប្រាកដមែន ដោយសារឈ្លោះប្រកែកគ្នា រឿងពួកខ្លួននិយាយលក្ខណៈលេបខាយ (ញ៉ែ) ជាមួយនឹងកូននិងប្អូនស្រីរបស់ជនរងគ្រោះ ។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បត៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕