ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវិស័យជលផល ឆ្នាំ២០២៤ និងលេីកទិសដៅអនុវត្ត ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រេី មានបាន និងមានរហូត ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី រដ្ឋបាលជលផលត្រូវស្វែងយល់ និងកំណត់ទិសដៅ ពីដំណាក់កាលនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវចេះច្នៃប្រឌិត ក្នុងគោលដៅជួយលើកកម្ពស់ប្រជានេសាទ ឱ្យមានហូបគ្រប់គ្រាន់តាមរយៈការធ្វើនេសាទ និងមានបានតាមរយៈការជំរុញការងារវារីវប្បកម្ម ព្រមទាំងអាចកែច្នៃផលិតផល ប្រកបដោយគុណភាពល្អ មានអនាម័យ សុវត្ថិភាព និងមានតម្លៃបន្ថែមខ្ពស់។
ទន្ទឹមនឹងនេះផងដែរ លោក បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធីត្រូវយកចិត្តទុកដាក់ជំរុញការងារវារីវប្បកម្ម កៀរគរគម្រោង និងវិស័យឯកជន ចូលរួមវិនិយោគ ដោយសហការផ្តល់ជំនួយបច្ចេកទេស សំដៅដល់ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ ការងារធាតុចូលជលផល និងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនានា។ ការថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ពង្រឹងនូវខ្សែចង្វាក់តម្លៃដោយផ្សាភ្ជាប់ជាមួយវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទីតាំងម្ហូបអាហារនានា ក៏ជាការងារសំខាន់ដែលរដ្ឋបាលជលផលត្រូវយកចិត្តទុកដាក់ផងដែរ។
ចំពោះការផ្តល់សេវាសាធារណៈ លោក ជំរុញការធ្វើឌីជីថលូបនីយកម្ម ផ្ដល់សេវាកម្មដល់សាធារណជនតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល ទាន់ពេលវេលា និងមានការគ្រប់គ្រងច្បាស់លាស់ ។
នាឱកាសនេះ លោក បានសម្ដែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលជលផល ជាពិសេសការងារអភិរក្សធនធានជលផល និងធនធានកម្រទឹកសាប និងសមុទ្រ រហូតទទួទលបានលទ្ធផលជាវិជ្ជមាន តាមរយៈការវិលត្រលប់មកវិញនូវអណ្តើកហ្លួង ផ្សោតទន្លេមេគង្គ ផ្សោតឃ្លៀច ផ្សោតផ្កាឈូក ជ្រូកទឹកជាដើម ដែលសុទ្ធសឹងតែជាធនធានជលផលកម្រ និងខ្លះកំពុងរងគ្រោះជិតផុតពូជ៕