ពិព័រណ៍វារីវប្បកម្មលើកទី១ ប្រព្រឹត្តទៅដោយជោគជ័យ និងមានអ្នកចូលរួមទស្សនាប្រមាណ ៥០០០នាក់
ថ្ងៃទី ៖ 11-12-2024, ដោយ Dara007 , 45 Views
ភ្នំពេញៈ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនាប្រមាណ ៥០០០នាក់ ចូលរួមមើលពិព័រណ៍ និងរួមមាន វារីវប្បករ ក្រុមហ៊ុន សិប្បកម្មនានា ចូលរួមតាំងបង្ហាញសរុបចំនួន ១០៨ស្តង់ ដាក់តាំងផលិតផលជលផលកែច្នៃក្រោយប្រមូលផល ត្រីចិញ្ចឹមគ្រប់ប្រភេទ បង្កង បង្គា ក្តាមជាដើម។
កម្មវិធីពិព័រណ៍វារីវប្បកម្មនេះក៏មានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឃន៍ជនបទ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងធនធានទឹក និងឧតុនិយម រដ្ឋបាលរាជធានីភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលាប និង វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ល។
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីពិព័រណ៍អំពីគោលបំណងនៃការរៀបចំពិធីនេះ ដើម្បីផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍ ការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមវារីសត្វគ្រប់ប្រភេទជូនសាធារណជន រួមមាន៖ ១. បង្កើនការយល់ដឹងឱ្យបានទូលំទូលាយ អំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា ២. ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិកាតាំងបង្ហាញ និងលក់ផលិតផលស្រស់ៗ និងកែច្នៃផលិតផលដែលបានមកពីវារីវប្បកម្ម ជូនសាធារណជនបានឃើញ និងជាវទិញ ៣. បង្កើតឱកាសសម្រាប់អ្នកមានបំណងចង់ស្វែងយល់ការធ្វើវារីវប្បកម្ម និងកែច្នៃ ៤. បង្កើនទីផ្សារលក់ផលិតផលបានមកពីធ្វើវារីវប្បកម្ម ៥. បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្មលើអនុវិស័យវារីវប្បកម្ម ៦. កែប្រែទស្សនៈអ្នកបរិភោគផលិតផលមកពីវារីវប្បកម្ម តែងតែគិតថាគ្មានសុវត្ថិភាព និងគ្មានអនាម័យ ៧. បំផុសចលនាសាធារណជនឱ្យចូលរួមផុសផុលលើការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុកជាដើម៕
|