ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី អែម សុធារ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលេីកឡេីងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល សម្រាប់ប្រជាកសិករ និងអ្នកប្រេីប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការតាមដានបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា និងការកសាងសហគមន៍កសិកម្មទំនេីប ដែលមានភាពទំនើបកម្មការងារ អាចជួយប្រជាកសិករកាត់បន្ថយថ្លៃដេីមផលិត មានផែនការផលិតកម្មច្បាស់លាស់ ទទួលបានកម្ចីដើមទុនការប្រាក់ទាប អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបនៃការប្រែប្រួលអាកាសធាតុ។
នៅចំពោះមុខអង្គពិធី លោករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់បន្ថែមអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រេី មានបាន និងមានរហូត ដែលលោកស្រីប្រធានមន្ទីរកសិកម្មខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅគ្រប់អនុវិស័យ និងកំណត់អាទិភាពឱ្យចំគោលដៅ ដោយអនុវត្តស្របតាមកម្មវិធីគោលនយោបាយនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាចំគោលដៅ។
សម្រាប់ការងារនយោបាយ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លេីកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងលេីកឡេីងពីសមិទ្ធផលនានាដែលរដ្ឋាភិបាលសម្រេចបាន ជាពិសេសត្រូវមានការពន្យល់បកស្រាយនូវភាពមិនប្រក្រតីក្នុងករណីណាមួយ និងត្រូវតបតរនឹងការវាយប្រហារនានាពីជនខិលខូច ដោយត្រូវមានភស្តុតាងច្បាស់លាស់ ជាក់ស្តែង និងឆ្លេីយតបឱ្យចំគោលដៅ។
ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់លោកស្រីប្រធានមន្ទីរ ត្រូវបង្ហាញនូវចំណេះជំនាញចូលរួមក្នុងវិស័យកសិកម្ម ឆ្លេីយតបទៅតាមតម្រូវការរបស់ប្រជាកសិករគ្រប់អនុវិស័យ បែងចែកតួនាទីភារកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យយល់ពីទិសដៅការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយសហការជាមួយអាជ្ញាធរខេត្ត និងសហការជាមួយវិស័យផ្សេងៗទៀតឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានភាពឆ្លាតវៃក្នុងការដឹកនាំ៕