ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងសុខាភិបាល យកចិត្តទុកដាក់លើការគ្រប់គ្រង អាជ្ញាបណ្ណមណ្ឌលសុខភាពឯកជន ជាពិសេសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យនៅទូទាំងប្រទេស ។
សម្តេចធិបតីបានបញ្ជាក់ថា ការគ្រប់គ្រងអាជ្ញាបណ្ណមណ្ឌលសុខភាពឯកជននេះ ដើម្បីធានាឱ្យគ្លីនិកមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ សម្រាប់លើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ សម្ដេចធិបតី ប្រកាសស្វាគមន៍ចំពោះវិស័យឯកជនដែលចង់ វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា តែត្រូវតែធានាឱ្យបាននូវគុណភាព ដើម្បីរួមគ្នាជួយការពារថែរក្សា ព្យាបាលដល់ប្រជាពលរដ្ឋឱ្យទទួលបានប្រសិទ្ធភាព និងគុណភាពរឹតតែល្អបន្ថែមទៀត។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលចំពោះការលក់ចំណីអាហារដល់កុមារតូចៗ នៅតាមសាលារៀន ជាពិសេសប្រភេទភេសជ្ជផ្អែម ដើម្បីបង្ការការការពារជំងឺទំនោមផ្អែមផងដែរ៕