សម្តេចមហាបវរធិបតី មានប្រសាសន៍ថា មិត្ដភ័ក្រ្ដបរទេសពិតជាបានដឹងច្បាស់ហើយថា សន្ដិភាពពេញលេញរបស់កម្ពុជា ដែលមានអាយុកាលជិត២៦ឆ្នាំតែប៉ុណ្ណោះ ហើយនេះក៏ជាសន្ដិភាពមានរយៈពេលវែងជាងគេក្នុងប្រវត្ដិសាស្រ្ដរបស់កម្ពុជាក្នុងរយៈកាល៥០០ឆ្នាំចុងក្រោយនេះ ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ គឺជាបង្គោលចរប្រវត្ដិសាស្រ្ដដ៏សំខាន់បំផុត ដែលប្រជាពលរដ្ឋខ្មែរគ្រប់ជាតិសាស និងសាសនា តែងតែចងចាំនោះ គឺការសម្រេចបាននូវជោគជ័យនៃនយោបាយឈ្នះឈ្នះ ដែលផ្ដួចផ្ដើម និងដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន ។
សម្តេចមហាបវរធិបតីបានរំលឹកថា កាលពីចុងខែវិច្ឆិកាកន្លងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំអន្ដរជាតិជាច្រើន ហើយប្រទេសជាច្រើនមកពីបណ្ដាទ្វីបនានានៅលើពិភពលោក តែងតែកើតសរសើរចំពោះការផ្លាស់ប្ដូរមុខមាត់ស្ទើរតែមិនជឿរបស់ប្រទេសកម្ពុជា ក្រោយជួបសោកនាដកម្មប្រវតត្ដិសាស្រ្ដពិតជាពិបាកស្រមោស្រមៃ ។
ក្នុងនោះបណ្ដាប្រទេសជាមិត្ដរបស់កម្ពុជា បានផ្ដល់តម្លៃខ្ពស់ចំពោះមេរៀនក្នុងការកសាងសន្ដិភាព បង្រួបបង្រួមជាតិ និងភាពអត់ឱនរបស់កម្ពុជា ។ ពិសេសជាងនេះ មិត្ដកម្ពុជា បានកត់សម្គាល់ភាពលេចធ្លោរបស់កម្ពុជា លើសុខដុមនីយកម្មសាសនា គឺជាកត្តាមិនអាចខ្វះបាននាំឲ្យប្រទេសជាតិធានាបានសុខសន្តិភាព និងគ្មានជម្លោះសាសនានោះឡើយ៕