ថ្លែងក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យពង្រឹង និងលើកតម្កើនវិស័យព្រះពុទ្ធសាសនាឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈកំណើននៃបច្ចេកវិទ្យា បានធ្វើឱ្យមនុស្សកាន់តែនៅឆ្ងាយពីគ្នា និងធ្លាក់ចុះតម្លៃសង្គម ប្រសិនបើយើងមិនថែរក្សាអត្តសញ្ញាណភាពជាខ្មែរ ស្របតាមវប្បធម៌ ប្រពៃណីជាតិខ្មែរ។
សម្ដេចបានបន្ដថា ប្រទេសមានការរីកចម្រើនដល់ណាក៏ដោយ ក៏មិនត្រូវបំភ្លេចចោល ឬធ្វើឱ្យបាត់អត្តសញ្ញាណ ទំនៀមប្រពៃណី វប្បធម៌ អរិយធម៌ ជាតិសាសន៍របស់ខ្លួននោះឡើយ ព្រោះសាសនាទាំងអស់ គ្មានសាសនាណា បង្រៀនឱ្យមនុស្សស្អប់គ្នា ឬមិនជួយគ្នានោះទេ គឺសាសនាទាំងអស់ គឺសុទ្ធតែបង្រៀនមនុស្សឱ្យចេះរស់នៅជាមួយគ្នា ចេះជួយគ្នានៅក្នុងសង្គម។
សម្ដេចធិបតីបានបញ្ជាក់ថា ជាការចាំបាច់ដែលរដ្ឋត្រូវការលើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួមក្នុងការលើកស្ទួយសីលធម៌សង្គម ជាពិសេសបានធ្វើឱ្យមានមនុស្សស្គាល់ បុណ្យ បាប និងមានការយោគយល់សន្ដោសប្រណីជាមួយគ្នា។
សម្ដេចធិបតីបានបញ្ជាក់ថា ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា ជាពិសេសនៅក្នុងសង្គមមនុស្សឱ្យមានចំណេះដឹងប្រកបដោយគុណធម៌ ចរិយាធម៌ និងស្នេហាជាតិ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស និងសង្គមជាតិ។
សម្ដេចធិបតី បន្ថែមថា សាសនាជាមធ្យោបាយសំខាន់នៅក្នុងការជួយឱ្យសង្គមមានសុខដុមរម្យនា បើលុបបំបាត់សាសនា នឹងនាំឱ្យមានការកាប់សម្លាប់ដូចករណីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងសង្គមបាត់គុណតម្លៃសីលធម៌ជាដើម៕