ថ្លែងក្នុងសន្នីសីទសារព័ត៌មានក្រោយបញ្ចប់មហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើទី១២ ហៅកាត់ថា ICAPP ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ដោយដោយជោគជ័យ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សួស យ៉ារ៉ា អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ៖ កិច្ចប្រជុំ ICAPP លើកទី១២ នៅកម្ពុជាបានសម្រេចនូវគោលការណ៍មួយ ដើម្បីស្វែងរកសន្តិភាព និងការផ្សះផ្សា គឺត្រូវរួមគ្នាការពារជម្លោះ, ដោះស្រាយជម្លោះ ដោយសន្តិវិធី និងនីតិវិធី ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះជាដើម។
លោកបានបញ្ជាក់ថា គំរូរបស់កម្ពុជាទៅកាន់ពិភពលោក ដើម្បីបង្កើនសំឡេងសន្ដិភាព និងមានកំណែទម្រង់អាកាសធាតុផងដែរ។ សន្ដិភាពមិនមែនតែ អវត្តមាននៃសង្គ្រាមនោះទេ សូម្បីតែព័ត៌មានក្លែងក្លាយបានធ្វើឱ្យកើតមានសង្គ្រាមផងដែរ។ ឯកឧត្ដម ក៏បានរំលេចពីប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្ដេចតេជោធ្លាប់មានប្រសាសន៍ថា អ្នកស្រឡាញ់សន្តិភាពមានច្រើន ប៉ុន្តែអ្នកដែលធ្វើ ដើម្បីសន្តិភាព មិនមានច្រើននោះទេ។
លោក Hussain Sayed សហប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP និងជាអ្នករាយការណ៍ពិសេស ICAPP មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍ភ្នំពេញរបស់ ICAPP គឺអរគុណកម្ពុជា ដែលជាស្ថាបនិកមួយនៃការស្វែងរកសន្តិភាព និងការផ្សះផ្សា។
កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងការស្វែងរកសុខសន្តិភាព និងបញ្ចប់សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ គំរូកម្ពុជា នឹងក្លាយជាគំរូសម្រាប់សហគមន៍អន្តរជាតិ ដើម្បីរួមគ្នាស្វែងរកសន្តិភាព ការលើកកម្ពស់ការផ្សះផ្សា សម្រាប់ផលប្រយោជន៍មនុស្សជាតិ។
លោកបានបញ្ជាក់ថា កម្ពុជាមានលក្ខណៈពិសេស និងជាគំរូចំនួន ២ ដល់សហគមន៍អន្តរជាតិនោះគឺទី១ កម្ពុជាបានប្រឹងប្រែងស្វែងរកសុខសន្តិភាពសម្រាប់ប្រទេសខ្លួន ទទួលបានជោគជ័យទាំងស្រុងនៅចុង ឆ្នាំ១៩៩៨ ដោយមានការចូលរួមពីគ្រប់ភាគីជម្លោះទាំងអស់ និងទី២ កម្ពុជាបានបង្កើតតុលាការកូនកាត់អន្តរជាតិមួយ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បី ផ្សះផ្សាផ្លូវចិត្តដល់ប្រជាជនកម្ពុជា។
លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានមានប្រសាសន៍ថា មហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើទី១២ បានប្ដេជ្ញារួមគ្នាសហការក្នុងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល គណបក្ស និងគណបក្ស ដើម្បីចាត់វិធានការ និងទប់ស្កាត់លុបបំបាត់ព័ត៌មានក្លែងក្លាយថ្មីៗ និងប្រព័ន្ធ AI ដើម្បីបង្កើតឱ្យភាន់ច្រឡំ បំភ្លើសការពិត និងធ្វើឱ្យប៉ះពាល់ដល់សន្ដិភាព ស្ថិរភាព តាមរយៈរៀបចំយន្ដការច្បាស់លាស់ និងអប់រំបណ្ដុះបណ្ដាលផ្សព្វផ្សាយអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។
លោក Cho Jeong-sik បានបញ្ជាក់ថា ក្រោយពីមហាសន្និបាតអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ីលើទី១២នៅកម្ពុជានេះ បានចូលរួមចមណែកដោះស្រាយ និងមានបទពិសោធន៍របស់ផងដែរ។ សូមបញ្ជាក់ថា មហាសន្និបាត ICAPP លើកទី១២ មានការអញ្ជើញចូលរួម គណៈប្រតិភូចំនួន២៦៣រូប ក្នុងនោះប្រតិភូអន្តរជាតិមានចំនួន ៩៩រូប និងប្រតិភូ កម្ពុជាចំនួន ៦៤រូប (គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា មានចំនួន ៤៦រូប និង គណៈប្រតិភូគណបក្សហ៊្វុនស៊ិច មានចំនួន ១៨រូប)។
ក្នុងនោះក៏មានការអញ្ជើញ ចូលរួម ពីគណបក្សចំនួន៦២គណបក្សនយោបាយ ក្នុងនោះគណបក្សនយោ បាយ ចំនួន៥១ មកពីអាស៊ី, គណបក្សនយោបាយចំនួន៤ មកពីអាហ្វ្រិក និងគណបក្ស នយោបាយចំនួន៧ មកពីអាមេរិកឡាទីន, ក្រុមគណបក្សនយោបាយនៅអឺរ៉ុប គឺ តំណាងដោយអ្នកប្រជាធិបតេយ្យនិយមកណ្តាល ( CDI ) និង មាន៤៥ ប្រទេស ចូលរួម។
ចំពោះស្ថាប័ននៃដៃគូសង្កេតការណ៍ គឺអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាយប៉ា តំណាងអង្គការយូណេស្កូ តំណាងអគ្គលេខាធិការអង្គការសហប្រជាជាតិ តំណាង គណបក្សនយោបាយនៅអាហ្វ្រិក តំណាងគណបក្សនយោបាយ នៅតំបន់សមុទ្រ ខ្មៅ និងបណ្តាគណបក្សនយោបាយដែលមកពីបណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ និងមានតំណាងសារព័ត៌មានសំខាន់ៗមកពី ១៥ប្រទេសចូលរួមផងដែរ៕