សាកលវិទ្យាល័យជនជាតិខេត្តក្វាងស៊ី បង្ហាញឆន្ទៈក្នុងការបន្តផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា
ថ្ងៃទី ៖ 21-11-2024, ដោយ Dara007 , 42 Views
ចិនៈ សាកលវិទ្យាល័យជនជាតិខេត្តក្វាងស៊ី បង្ហាញឆន្ទៈក្នុងការបន្តផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ធនធានមនុស្សឱ្យកាន់តែមានសក្ដានុពល។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក សុខ សំអាង តំណាង លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត រួមជាមួយ លោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងណាននីង ខេត្តក្វាងស៊ី និងក្រុមការងារនារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកិច្ចពិភាក្សានេះ លោកស្រី Shizhen Wei សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជនជាតិខេត្តក្វាងស៊ី បានបង្ហាញឆន្ទៈក្នុងការបន្តផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជា តាមរយៈសមាគម អ.ម.ត បន្ថែមទៀត។
សូមគូសបញ្ជាក់ថា សាកលវិទ្យាល័យជនជាតិក្វាងស៊ី បានដំណើរការផ្តល់ការបណ្តុះបណ្តាលភាសាខ្មែរ តាំងពីឆ្នាំ២០០០ និងមានកិច្ចសហការជាមួយបណ្តាសាកលវិទ្យាល័យមួយចំនួននៅកម្ពុជា។ បច្ចុប្បន្ន និស្សិតកម្ពុជា ចំនួន ៤០ រូប កំពុងសិក្សា នៅសាកលវិទ្យាល័យជនជាតិខេត្តក្វាងស៊ី៕
|